ព្រះវិហារៈ លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ និងជាតំណាង ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានអញ្ជើញ ជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលប្រធានក្រុមអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ស្តីពី អនាម័យទឹកស្អាត និងការងារលើកកម្ពស់អនាម័យក្នុងគ្រាអាសន្ន ដែលពិធីនេះប្រារព្វធ្វើឡើងនៅអគារសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១ ។ អញ្ជើញចូលរួមនាឱកាសនោះរួមមាន លោកបណ្ឌិត វ៉ា សុភ័ក្រ្ត ប្រធានការិយាល័យការពារជម្ងឺឆ្លង និងមិនឆ្លងទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ឯកឧត្តម យ៉ុង គឹមហ៊ាន នាយកប្រតិបត្តិសាខា លោកគ្រូ មន្ត្រីគម្រោងមកពីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ព្រមទាំង លោក លោកស្រី ជាមន្ត្រីប្រចាំការអនុសាខា អ្នកស្ម័គ្រចិត្តកាកបាទក្រហមភូមិ សរុបចំនួន ១៥នាក់ មកពីបណ្តាក្រុង ស្រុក ទាំងប្រាំបីទូរទាំងខេត្តព្រះវិហារ ។
មានប្រសាសន៍ បើកវគ្គបណ្តុះបណ្តាលនាឱកាសនោះ លោកជំទាវ ចឹក ហេង បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ គឺដើម្បីពង្រឹងសមត្ថភាពមន្ត្រី និងប្រធានក្រុមអ្នកស្ម័គ្រចិត្តកាក បាទក្រហមកម្ពុជា ខេត្តព្រះវិហារ ក្នុងការត្រៀមឆ្លើយតបនៅពេលមានគ្រោះមហន្តរាយ និងត្រៀមលក្ខណៈជាស្រេច ក្នុងការផ្តល់សេវាកម្មផ្នែកអនាម័យទឹកស្អាតក្នុងគ្រាមានអាសន្ន បានទាន់ពេលវេលា ។ លោកជំទាវ ក៏បានជម្រុញដល់សិក្ខាកាមទាំងអស់ ដែលបានមកចូលរៀនវគ្គបណ្តុះបណ្តាលនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្តាប់ ការពន្យល់របស់លោកគ្រូមន្ត្រីគម្រោង ដើម្បីចាប់យកនូវចំណេះដឹង ក៏ដូចជាបទពិសោធន៍ថ្មីៗ ក្នុងការយកទៅអនុវត្តន៍នៅក្នុង មូលដ្ឋានរបស់ខ្លួនអោយមានប្រសិទ្ធិភាពខ្ពស់ ។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២១ ៕