ព្រះវិហារៈ គិតចាប់ពី(០១ដល់១៦/កុម្ភៈ/២០២១) ក្រុមការងារនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានបើកប្រតិបត្តិការត្រួតពិនិត្យ រថយន្តល្មើសច្បាប់ចរាចរណ៍ផ្លូវគោក តូច-ធំ គ្រប់ប្រភេទមានចំនួន ១១២គ្រឿង ដែលក្នុងនោះបានចរាចរក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ត្រូវបានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ ឃាត់ចាប់យកមកអប់រំ និងផាកពិន័យតាមផ្លូវច្បាប់។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ជាក់នៅថ្ងៃ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ដោយគោរពតាមគោលការរបស់អនុគណៈកម្មាការសុវត្តិភាពចរាចរណផ្លូវគោក ក៍ដូចសេចក្ដីណែនាំរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន មន្ទីរសាធារណៈការត្រូវមានការរឹតបណ្តឹងការធ្វើចរាចណទៅលើរថយន្តបើកបរលើដងផ្លូវ និងជៀសវាងការបង្កគ្រោះថ្នាក់ចរាចណមន្ទីរត្រូវមានវិធានការត្រួតពិនិត្យចំពោះរថយន្តដែលបានដឹកសំពីងសំពោងធ្វើអោយប៉ះពាល់ដល់អ្នកធ្វើដំណើររួមផ្លូវជាមួយគ្នា ហើយមិនត្រូវអនុញ្ញាត្តិអោយរថយន្តណាដែលបានដឹកច្រង៉ែងច្រង៉ាងនាំអោយមានបញ្ហាដល់ដទៃទៀត។
គួររំលឹកថា ក្នុងឆ្នាំ ២០២០ កន្លងទៅសមាសភាពដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសរួមមាន ៖- ថ្មើរជើង ២% – ម៉ូតូ ៥០% – រថយន្តតូច ២៩% – រថយន្តធំ ១៣% – យាន្តផ្សេងៗ ៦%ផងដែរ ៕SKS