ដោយ៖សេង ពិសិដ្ឋ
ព្រះវិហារៈ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលស្រុកជាំក្សាន្ត ក្រោមកិច្ចស្វាគមន៍ពី លោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត តំណាង ឯកឧត្ដម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឧត្តមសេនីយ៍ទោ ផាត សុផេន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ទទួលបន្ទុកការងារព្រំដែន ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ និងជាប្រធានក្រុមការចុះជួយឃុំជាំក្សាន្តតំណាង ឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ប្រចាំទឹសទី១ប្រាសាទព្រះវិហារ រួមនិងលោក លោក ស្រី ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរអានសេះ រដ្ឋបាលស្រុកជាំក្សាន្ត បានទទួលកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅជាមួយភាគីថៃដែលមានភូមិផងរបងជាមួយគ្នាចំនួន២ស្រុកគឺស្រុកណាំយឺន និងស្រុកខាន់ថាឡាក់ រួមនិងមេបញ្ជាការកងពលធំកងកម្លាំងសារៈនារី លោក វរ.ឯក ប៊ុនសឿម ប៊ុនដាំរ៉ុងដើម្បីរឹតចំណងសាមគ្គីភាពអោយកាន់តែរឹងមាំឡើង។
នាឱកាលនោះ ភាគីថៃក៏បាននាំនៅទេយ្យទាន និងទៀនព្រះវស្សាមកវេប្រគេនព្រះសង្សខ្មែរគង់ចាំព្រះវស្សាអស់ត្រីមាស ស្ថិតនៅវត្តឧត្តរជុំគីរីសែនជ័យ (ហៅវត្តអានសេះ)ក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្រោយពីបានវេប្រគេនទេយ្យទាន ទៀនព្រះវស្សារួចមក ភាគីខាងថៃ បានចែកនៅសម្ភារៈសិក្សា សម្ភារៈកីឡាជួនដល់សិស្សានសិស្ស និងធ្វើពិធីព្រលែងកូនត្រី ព្រមទាំងដាំដើមឈើជានិមិត្តរូបនៅក្នុងវត្តឧត្តរជុំគីរីសែនជ័យ (ហៅវត្តអានសេះ) ផងដែរ៕