កំពង់ស្ពឺ : លោក សួស វឌ្ឍនា នាយប៉ុស្តិ៍ឃុំសំបូរនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បានរងបណ្តឹងពីស្ត្រីម្នាក់ថា បានខ្ចីរថយន្តបញ្ចាំជិះទៅធ្វើបុណ្យហើយលក់បាត់មិនព្រមប្រគល់រថយន្តនោះឱ្យវិញទេ។ករណីនេះស្ត្រីរងគ្រោះបានដាក់បណ្តឹងទៅកាន់ស្នងការដ្ឋានខេត្តកំពង់ស្ពឺដើម្បីសុំអន្តរាគមន៍បន្ទាប់ពីនាយប៉ុស្តិ៍រូបនេះព្យាយាមគេចវេសក្នុងការសង។
យោងតាមសម្តីរបស់ស្ត្រីឈ្មោះ ជា សុខហេង អាយុ៥០ឆ្នាំ រស់នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺបានឱ្យដឹងថានាយប៉ុស្តិ៍សំបូរ លោក សួស វឌ្ឍនា បានយករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស៣៣០មកដាក់បញ្ចាំក្នុងតម្លៃទឹកប្រាក់សរុបចំនួន៨០០០ដុល្លាដែលការដាក់បញ្ចាំយកលុយជាបីដំណាក់កាល។ដំណាក់កាលទីមួយនាយប៉ុស្តិ៍យក៤ពាន់ដុល្លារ លើកទីពីរយក១ពាន់ដុល្លារនិងលើកទីបីយក៣ពាន់ដុល្លារ។
ស្ត្រីខាងលើបានឱ្យដឹងទៀតថា ក្រោយពីបានដាក់បញ្ចាំរថយន្តដោយយកលុយអស់៨ពាន់ដុល្លាររួចហើយ ស្រាប់តែនៅថ្ងៃមួយលោក សួស វឌ្ឍនា បានទូរស័ព្ទទៅជនរងគ្រោះថាស្អែកសុំខ្ចីរថយន្តជិះទៅភ្នំពេញមួយថ្ងៃដើម្បីចូលរួមបុណ្យសពបងប្អូនជីដូនមួយ។
ដោយការរាប់អាននិងយោគយល់គាត់ជាមេប៉ុស្តិ៍ ស្ត្រីជាអ្នកទទួលបញ្ចាំក៏បានឱ្យរថយន្តនោះទៅជិះវិញ ហើយក្រោយបានរថយន្តទៅដល់ដៃស្រាប់តែនាយប៉ុស្តិ៍រូបនោះមិនបានប្រគល់រថយន្តឡិចស៊ីស៣៣០មកវិញទេ ហើយបន្ទាប់ពីទូរសព្ទ័ទៅទារស្រាប់តែនាយប៉ុស្តិ៍ខាងលើប្រាប់ថាចាំយកលុយ៨ពាន់វិញទៅ ប៉ុន្តែការសន្យាសងបានធ្វើឡើងម្តងហើយម្តងទៀត ទោះជាមានការសម្របសម្រួលច្រើនដងពីលោកអធិការស្រុកសំរោងទងក៏ដោយ។
ពាក់ពន្ធ័និងករណីនេះលោក ឃុត ផល អធិការនគរបាល ស្រុកសំរោងទងបានឱ្យដឹងដែរថា ស្ត្រីរងគ្រោះបានដាក់បណ្តឹងមកផ្នែកព្រហ្មទណ្ឌស្រុករួចហើយ លោកបានព្យាយាមសម្របសម្រួលបញ្ចប់រឿងដែរ តែភាគីលោកនាយប៉ុស្តិ៍ហាក់មានចេតនាគេចវេសទើបលោកសម្រេចដាក់បញ្ជូនសំណុំរឿងនេះទៅស្នងការដ្ឋានដើម្បីបន្តចំណាត់ការ។
ករណីនេះដែរលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានប្រាប់ថា រឿងនេះលោកនិងចាត់បញ្ជូនសុំណុំរឿងទៅកាន់តុលាការដើម្បីរកភាពយុត្តិធម៌ជូនដល់ជនរងគ្រោះ៕