អភិបាលរងខេត្តព្រះវិហារ ចំនួន៤រូប ត្រូវប្រកាសឱ្យកាន់តំណែងជាផ្លូវការ

ព្រះវិហារ៖ អភិបាលរងខេត្តព្រះវិហារចំនួន៤រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ពិធីនេះមានចូលការរួមពីសំណាក់លោក ប្រធានក្រុមប្រឹក្សាខេត្ត, លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងប្រតិភូអមដំណើរ ព្រមទាំងជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធ ជាច្រើនរូប។

អភិបាលរង ដែលត្រូវប្រកាសតែងតាំងរួមមាន៖

*ទី១៖ លោក មិន ស៊ីថា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ អភិបាលរងខេត្ត

*ទី២៖ លោក អ៊ុក គឹមសានឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ៦  ជាអភិបាលរងខេត្ត

*ទី៣៖ លោក សុខ សាន្តតារ៉ាឋានន្តរស័ក្តិមន្ត្រីថ្នាក់លេខ៣ ជាអភិបាលរងខេត្ត

*ទី៤៖ លោក យឹម បញ្ញា ឋានន្តរស័ក្តិវរឧត្ដមមន្ត្រីថ្នាក់លេខ៦ ជាអភិបាលរងខេត្ត

ថ្លែងក្នុងពីធីប្រកាសនេះ លោក អ៊ុំ ម៉ារ៉ាថាក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ត្រូវតែប្រឹងប្រែងអភិវឌ្ឍន៍ខេត្តឱ្យបានល្អ និងត្រូវគិតគូរពីបញ្ហាមួយចំនួនដូចជា ការទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ បន្តទៀតត្រូវពិនិត្យ និងដោះស្រាយរាល់ជម្លោះ តម្រូវការរបស់ប្រជាពលរដ្ឋ ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា ជាពិសេសខិតខំទប់ស្កាត់ ននិងបង្រ្កាបឱ្យបានបញ្ហាគ្រឿងញៀន។

លោករដ្ឋលេខាធិការ ក៏បានសំដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត ធ្វើការសហការគ្នាក្នុងការអភិវឌ្ឍន៍ ឱ្យខេត្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

លោក អ៊ុំ ម៉ារ៉ា ក៏បានជំរុញដល់អភិបាលរងខេត្តថ្មី ត្រូវបន្តខិតខំអភិវឌ្ឍន៍ខេត្តទាំងមូលឱ្យទទួលបានភាពរីកចម្រើនទៅមុខជាលំដាប់ ត្រូវចុះមូលដ្ឋានឱ្យបានជាប្រចាំ ត្រូវដឹងពីសុខទុក្ខរបស់ប្រជាជន ត្រូវដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។ ត្រូវចេះរួមសហការគ្នា ក្នុងការកែប្រែមុខមាត់ខេត្តអោយកាន់តែមានការអភិវឌ្ឍន៍ជាបន្តទៀត ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចចូលរួមលើកកម្ពស់សេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោករដ្ឋលេខាធិការ ក៏បានសុំណូមពរដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំង៣ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ចសហការល្អជាមួយគ្នា ដើម្បីដឹកនាំ និងកសាងខេត្តឱ្យទទួលបានជោគជ័យថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *