អភិបាលខេត្តកំពង់ស្ពឺដឹកនាំក្រុមការងារចុះសួរសុខទុក្ខកងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងប្រចាំការដាំកូនឈើនៅភ្នំតាម៉ៅ

កំពង់ស្ពឺ៖  ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារនិងមន្រ្តីរាជការនៃរដ្ឋបាលខេត្តចុះសួរសុខទុក្ខនិងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគដល់កងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងប្រចាំការនៅទីតាំងផ្ទាល់ ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ ក្នុងស្រុកបាទី ខេត្តតាកែវ យ៉ាងសកម្ម ស្របតាមអនុសាសន៍ណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺនិងមន្រ្តីរាជការនៃរដ្ឋបាលខេត្តបានចូលរួមដាំកូនឈើប្រណិតនៅក្នុងតំបន់ភ្នំតាម៉ៅនេះផងដែរ។ជាមួយនោះឯកឧត្តមបានលើកឡើងពីប្រវត្តិនៃព្រៃនេះថាកាលដែលឯកឧត្តមនៅជាមន្ត្រីរដ្ឋបាលព្រៃឈើគឺបានយកដើមឈើយ៉ាងច្រើនមកដាំហើយកាលណោះឈើភាគច្រើនគឺជាដើមអាកាស្យា ការដាំដើមអាកាស្យាគឺវាងាយដាំនិងឆាប់ធំដើម្បីបំពេញព្រៃនេះឡើងវិញ។

ឯកឧត្តម វ៉ី សំណាង បានលើកឡើងថាវាក៏ជាការល្អមួយក្រោយរងការឈូសឆាយព្រៃនេះ ថ្ងៃក្រោយទៅទីនេះនិងក្លាយជាព្រៃដែលមានតែឈើប្រណិត ហើយអាចជាទីរមណីយដ្ឋានសម្រាប់ទេសចរណ៍ដែលចូលចិត្តបែបធម្មជាតិផងដែរ។

សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា បានចេញប្រកាសជាផ្លូវការ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាម (ភ្នំតាម៉ៅ) លើផ្ទៃដី ២០២៥ហិកតា ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវតាមព្រះរាជក្រឹត្យលេខ ទស/រកត/០៨២២/១០០៨ ប្រកាសចេញថ្ងៃទី១៩ សីហា ២០២២ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *