កណ្តាល ៖ សមត្ថកិច្ចចម្រុះរួមមានកម្លាំងអាវុធហត្ថ ប៉ូលិស និង ប្រជាការពារ ដេញចាប់ពួកចោរឆក់មួយក្រុម ហើយឃាត់ខ្លួនបានម្នាក់ បន្ទាប់ពីបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៣ សីហា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រួចប្រគល់ឱ្យប៉ូលិសខណ្ឌដង្កោចាត់ការបន្ត ។
មន្ត្រីអាវុធហត្ថស្រុកកណ្តាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សេង សុខឡៃ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិខ្នរអំពិល ឃុំវាលលំពង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ចំណែកជនសង្ស័យ៤នាក់(គេចខ្លួន៣នាក់)រួមមាន ១-ឈ្មោះ សេង សុវណ្ណឌី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ,ចំណែកជនសង្ស័យ៣នាក់ទៀតបានគេចខ្លួនអស់ ។
វត្ថុតាងចាប់យករួមមាន ម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ក្រហមស ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JP-6254 ជិះម៉ូតូធ្វើសកម្មភាព, ទូរសព្ទដៃមួយគ្រឿងជារបស់ជនរងគ្រោះ, កាបូបស្ពាយចំនួនមួយ, កាបូបដៃចំនួនមួយ, ខ្សែក និង បន្តោង ចំនួនមួយខ្សែ ។
មន្ត្រីអាវុធហត្ថបន្តថា ក្រោយពេលទទួលបានព័ត៏មានតាមវិទ្យុទាក់ទងថាមានករណី ឆក់កាបូបពីស្ត្រីម្នាក់ នៅចំណុចកើតហេតុខាង ជនសង្ស័យបានបើកម៉ូតូរត់តាមផ្លូវលេខ២០A កម្លាំងអាវុធហត្ថស្រុក៩នាក់ ប្រើរថយន្ត០១គ្រឿង ម៉ូតូ០៤គ្រឿង ដឹកនាំដោយលោក អនុសេនីយ៍ឯក នុត ចន្ថា មេបញ្ជាការរង ចុះសហការជាកម្លាំងប៉ូលិសនិងប្រជាការពារ ចុះពួនស្ទាក់ ប្រដេញប្រផាប់ប្រផីង មកដល់ចំណុចភូមិអរណ្តូង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទើបកម្លាំងសហការ ឃាត់ជនសង្ស័យបានម្នាក់ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានប្រគល់ទៅឱ្យប៉ូលិសខណ្ឌដង្កោ ចាត់ការបន្តតាមនីតិវិធី ៕ដោយ ភាវុន