អាជ្ញាធរចម្រុះចុះអនុវត្តវិធានរដ្ឋបាលរុះរើលំនៅឋានប្រជាពលរដ្ឋ2គ្រួសារដែលរស់នៅក្នុងដីកម្មសិទ្ធិរបស់ក្រសួងសង្គមកិច្ច

(បន្ទាយមានជ័យ)៖ អាជ្ញាធរចម្រុះចុះអនុវត្តវិធានរដ្ឋបាលរុះរើផ្ទះប្រជាពលរដ្ឋ2គ្រួសារដែលរស់នៅក្នុងដីកម្មសិទ្ធិរបស់ក្រសួងសង្គមកិច្ច នៅព្រឹកថ្ងៃទី23 ខែសីហា ឆ្នាំ 2022 នៅខាងត្បូងមណ្ឌលសុំចតក្រុងប៉ោយប៉ែត ស្ថិតនៅក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។

ប្រជាពលរដ្ឋដែលសង់ផ្ទះលើដីក្រសួងសង្គមកិច្ចខាងលើនេះបានប្រាប់ថា ដីដែលខ្លួនរស់នៅ និងធ្វើសំណង់ជាផ្ទះនេះ តាំងពីឆ្នាំ2018 រហូតដល់ពេលនេះ មានរយៈពេលជាង4ឆ្នាំហើយ ដោយយល់ឃើញថា ជាដីផ្លូវ និងចិញ្ចើមផ្លូវរបស់រដ្ឋ។ ប្រជាពលរដ្ឋដែលត្រូវជាម្ចាស់ ហ៊ីម មុនី បានបន្ថែមថា ពួកគាត់មិនហ៊ានជំទាស់ និងការអនុវត្តរបស់អាជ្ញាធរសមត្ថកិច្ចនោះឡើយ គ្រាន់តែសុំសំណងគោលយោបាយដើម្បីធ្វើការរុះរើចេញ និងសុំរុះរើដោយខ្លួន។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ថា ការដឹកនាំក្រុមការងារចម្រុះមកអនុវត្តវិធានការរដ្ឋបាលចុះរុះរើលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន2ខ្នងដែលសាងសង់រំលោភលើដីកម្មសិទ្ធិរបស់ក្រសួងសង្គមកិច្ចដែលមានការសម្របសម្រួលពីលោកព្រះរាជាអាជ្ញាធរអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា ដោយអាជ្ញាធរបានខិតខំសម្របសម្រួលគ្រប់នីតិវិធី និងដាក់ឱសានវាទចំនួន2ដងហើយ ដើម្បីឲ្យពួកគាត់រុះរើចេញ តែមិនទទួលយកការសម្របសម្រួលទើបដឹកនាំកម្លាំងចុះមកអនុវត្តវិធានការរដ្ឋបាលដើម្បីរុះរើ។

លោក អភិបាលរងខេត្តបញ្ជាក់បន្ថែមថា ដីក្រសួងសង្គមកិច្ចនៅចំណុចមុខមណ្ឌលសុំចតក្រុងប៉ោយប៉ែតនេះ កំពុងតែអនុវត្តសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្ស រវាងព្រះរាជាណាចក្រកម្ពុជា សហការជាមួយព្រះរាជាណាច្រកថៃឡង់ តាមរយៈនៃអង្គការសុំចតដូច្នេះមិនអាចពន្យាពេលវេលាឲ្យពួកគាត់បន្តរស់នៅលើដីកម្មសិទ្ធិរបស់ក្រសួងសង្គមដែលកំពុងតែអនុវត្តសាងសង់មជ្ឈមណ្ឌលនេះទៀតបានឡើយ៕(សៅ នៅ)

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *