កំពង់ធំ៖ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២២ នេះបានប្រកាសអាសន្នត្រួតពិនិត្យកងកម្លាំង សម្ភារប្រើប្រាស់ និងមធ្យោបាយធ្វើដំណើរ របស់កងកម្លាំងអន្តរាគមន៍ នៅទី បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីត្រៀមចល័តអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះទឹកជំនន់នៅក្នុងខេត្តកំពង់ធំ បានទាន់ពេលវេលា។
ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានមានប្រសាសន៍ថា ក្នុងរយៈពេលជាងមួយខែកន្លងមក និងមកដល់បច្ចុប្បន្ន នេះ ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នា នៅខេត្តព្រះវិហារ និងនៅក្នុងខេត្តកំពង់ធំ ធ្វើឲ្យជំនន់ទឹកភ្លៀងបានឡើងជាខ្លាំងនៅតាម បណ្ដោយដងស្ទឹងសែន ស្ទឹងស្ទោង និងបានបណ្ដាលឲ្យខូចខាតនិងប៉ះពាល់ដល់ផលដំណាំស្រូវ របស់បងប្អូនប្រជា កសិករនៅតាមបណ្ដាឃុំនិងស្រុកមួយចំនួនផងដែរ ។
ឧត្ដមសេនីយ៍ទោ បានដាក់បទបញ្ជាដល់កងកម្លាំងអន្តរាគមន៍ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិ ការសឹករងកំពង់ធំទាំងអស់ ត្រូវត្រៀមខ្លួនរួចជាស្រេច ព្រមទាំងសម្ភារប្រើប្រាស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែល រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ពិសេសគ្រោះទឹកជំនន់នៅក្នុងរដូវវស្សានេះនិងត្រៀមមធ្យោបាយធ្វើដំណើរ ដឹកជញ្ជូនកងកម្លាំង ព្រមទាំងការងារដឹកនាំបញ្ជាហ្មត់ចត់ ដើម្បីចល័តអន្តរាគមន៍បានទាន់ពេលវេលានិងមានប្រសិទ្ធភាព។