ព្រះវិហារ៖ នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ បានបញ្ចេញកម្លាំង ចល័តចុះអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្ត ឃុំកន្ទួត និងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកំពុងរងនូវការជន់លិចដោយសារជំនន់ទឹកភ្លៀង ។
លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការ កងពលតូចអន្តរាគមន៍លេខ៨ បានបញ្ជាក់ថា ក្រោមការណែនាំចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ និងការដឹកនាំបញ្ជាដោយផ្ទាល់ពី ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ អង្គភាពបានត្រៀមលក្ខណ:ប្រុងប្រៀបរួចជាស្រេច នៅក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋ ចេញពីលំនៅឋាន ទៅកាន់ទីទូលសុវត្តិភាព និងត្រៀមលក្ខណៈ ២៤លើ២៤ម៉ោង សម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងសំណូមពរ ពីអាជ្ញាធរក្នុងមូលដ្ឋាន បានទាន់ពេលវេលាផងដែរ ។
លោកនាយសេនាធិការ បានបញ្ជាក់ឲ្យដឹងទៀតថា រហូតមកដល់ម៉ោងប្រមាណជាង៨ ជំនន់ទឹកភ្លៀងនៅតែបន្តធ្លាក់ចុះ បណ្តាលឱ្យតំបន់វាលទំនាបមួយចំនួន នៅតែបន្តជន់លិចដល់ផ្ទះសម្បែង និងផលដំណាំសត្វពាហនៈរបស់ប្រជាពលរដ្ឋ ជាបន្តបន្ទាប់។ លោកថា ជាបឋមមានភូមិចំនួន៦ ហើយ ដែលកំពុងរង នូវការជន់លិច រួមមាន ភូមិភូមិគោល៨ ភូមិអូរទឹកខៀវ ភូមិអន្លង់វែងថ្មី ភូមិអង្គការអេដស៍ ភូមិស្រអែមខាងត្បូង និងភូមិសុខសែនជ័យ ស្ថិតក្នុងឃុំស្រអែម នឹងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនេះ ៕SKS