កណ្តាល ៖ បុរសម្នាក់ត្រូវបានក្រុមគ្រូពេទ្យមណ្ឌលសុខភាពឃុំទំនប់ធំ ឃាត់ខ្លួនរួចប្រគល់ឱ្យប៉ូលិសស្រុកពញាឮ បន្ទាប់ពីបានធ្វើសកម្មភាពចូលក្នុងមណ្ឌលសុខភាពលួចទូរសព្ទទំនើបមួយគ្រឿង កាលពីថ្ងៃទី ១៩ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង៦ និង ១៥ នាទីល្ងាច នៅចំណុចមណ្ឌលសុខភាពឃុំទំនប់ធំ ភូមិស្ពានទំលាប់ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ លី សុខលីម ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ មានទីលំនៅ ភូមិស្ពានទំលាប់ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
ចំណែកជនសង្ស័យឈ្មោះ ភិន ភារ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរស៊ីឈ្លួលបើករថយន្ត រស់នៅ ភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ វត្ថុតាងចាប់យក ទូរសព្ទម៉ាក iPhone 11 Pro Max ពណ៌ទឹកមាស ចំនួន១គ្រឿង និង ម៉ូតូម៉ាក Nex ពណ៌ខ្មៅ កម្លាំង110cc ស៊េរី២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1GG-2021 ។
ប៉ូលិសបន្តថា ដំបូងជនសង្ស័យបានជិះម៉ូតូ ម៉ាកNex ពណ៌ខ្មៅ ចូលទៅក្នុងបរិវេណមណ្ឌលសុខភាពឃុំទំនប់ធំ ក៏ឈប់ម៉ូតូ ហើយបានដើរមើលជុំវិញអគារពេទ្យ, ពេលឃើញដូចនេះ លោកគ្រូពេទ្យឈ្មោះ លី សុខនាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ ត្រូវជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ(លី សុខលីម)បានចេញពីបន្ទប់រដ្ឋបាល រួចហើយបានដើរមកសួរនាំ ជនសង្ស័យថា«បងឯងរកអ្វីដែរ? បានដើរពេញមណ្ឌលនឹងចឹង?»។
ពេលនោះជនសង្ស័យបានឆ្លើយតបថា«តើលោកគ្រូពេទ្យ មានបានឃើញអ្នកជំងឺគ្រោះថ្នាក់ចរាចណ៍មកទីនេះទេ? ,លោកគ្រូពេទ្យតបវិញថា«អត់មានអ្នកជំងឺ គ្រោះថ្នាក់ចរាចណ៍មកសម្រាកទេថ្ងៃនេះ បងឯងអង្គុយចាំបន្តិចទៅ ក្រែងមិនទាន់មកដល់ បងឯងអង្គុយឱ្យស្ងៀម កុំដើរចុះដើឡើងចឹង»។
បន្ទាប់មកជនសង្ស័យ បានធ្វើសកម្មភាពលួចយកទូរសព្ទជនរងគ្រោះដែលកំពុងដាក់សាកថ្ម នៅលើតុ ក្នុងបន្ទប់នោះ ហើយដាក់ចូលក្នុងហោប៉ៅ ។ ពេលនោះឈ្មោះ លី សុខនាង បានដើរមក ចំពេលជនសង្ស័យខាងលើដើរចេញទៅក្រៅ ដោយមានការសង្ស័យ លោកគ្រូពេទ្យបានដើរ ចូលទៅក្នុងបន្ទប់ ពិនិត្យមើលស្រាប់តែបាត់ទូរសព្ទរបស់ជនរងគ្រោះ ក៏ស្រែកឆោឡោឡើង។
ខណៈពេលនោះឈ្មោះឡាយ សុខជា បានឃើញជនសង្ស័យដើរចេញទៅក្រៅ ដកទូរសព្ទចេញពីហោប៉ៅ ខោយកទៅលាក់ទុក ក្រោមធុងស្ពេតត្រូ ហើយឈ្មោះឡាយ សុខជា បានស្រែកថា«នែ ហ្អែងយកទូរស័ព្ទពីណាគេ មកលាក់ទុកក្រោមនឹង?»។
ភ្លាមនោះជនសង្ស័យ មិនបាននិយាយតប អ្វីទាំងអស់ ហើយដើរសំដៅ ឆ្ពោះទៅខាងក្រៅ បម្រុងគេចខ្លូន ឃើញដូច្នេះឈ្មោះ ឡាយ សុខជា បានដើរទៅឃាត់ខ្លួន ជនសង្ស័យ, ហើយលោក ពាង រតនៈប្រធានមណ្ឌលសុខភាពឃុំទំនប់ធំ បានរាយការណ៍ប្ដឹងមក សមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលទំនប់ធំ ។
ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលទំនប់ធំ បានចុះទៅដល់កន្លែងកើតហេតុ រួចនាំខ្លួនបញ្ជូនជនសង្ស័យ មកកាន់អធិការដ្ឋានស្រុកពញាឮ ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធីតែម្តង៕ដោយ ភាវុន