ដោយ៖សេង ពិសិដ្ឋ
ព្រះវិហារ៖ ក្រោយពីបានចូលកាន់តំណែងជាអភិបាលខេត្តព្រះវិហារ ឯកឧត្ដមគីម រិទ្ធី អភិបាលខេត្ត បានមមាញឹកចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅតាមគោលដៅផ្សេងៗ ដើម្បីលើកទឹកចិត្ត និងឧបត្ថម្ភសម្រាប់ការចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបូរណភាពដែនដីជាមួយប្រទេសជិតខាង។
នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្ដម បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយអង្គភាពស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ។ នៅក្នុងឱកាសនោះឯកឧត្ដម គីម រិទ្ធី បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងនាមរដ្ឋបាលខេត្ត ក្នុងនាមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣នៃខេត្តព្រះវិហារ សូមប្រកាសគាំទ្របេក្ខភាពឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពថ្នាក់ដឹកនាំបន្តវេនរបស់កម្ពុជា។
ឯកឧត្ដម គីម រិទ្ធី បានថ្លែងរំលឹក និងជម្រាបជូនដល់ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធថា ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ជាកូនខ្មែរមួយរូបមានអកប្បកិរិយា មានឥរិយាបទស្នេហាជាតិ និងបានស្រឡាញ់វិស័យយោធាតាំងពីតូច។ ឯកឧត្ដម ប្រឹងប្រែងរៀនសូត្ររហូតទៅដល់សាលារាជបណ្ឌិតយោធារបស់សហរដ្ឋអាមេរិក បានរៀនចប់ហើយបន្តការសិក្សានៅប្រទេសអង់គ្លេស បានសញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ច ជាបន្តបន្ទាប់បានចូលបម្រើជាតិមាតុភូមិទៅតាមប្រវត្តិការងាររបស់ឯកឧត្ដម។
ឯកឧត្ដម គីម រិទ្ធី ក៏បានថ្លែងផងដែរថា ក្នុនាមអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត, ឯកឧត្ដមសូមគាំទ្រដល់កងកម្លាំងប្រដាប់អាវុធនៅតាមបណ្តោយព្រំដែន ពិសេសស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សូមគាំទ្រការពារឱ្យបាននូវបូរណៈភាពដែនដី និងរិតបណ្ទឹងសន្តិសុខ សណ្ដាប់ធ្នាប់ ភូមិឃុំមានសុវត្តិភាព ជូនប្រជាពលរដ្ឋអោយបានល្អប្រសើរបន្ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្ដម អភិបាលខេត្ត ក៏បានថ្លែងផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធត្រូវ៖
*ចូលរួមការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលប្រសូត្រចេញពីការបោះឆ្នោត
*ត្រូវចូលរួមការពារសុខសន្តិភាព
*កុំប្រព្រឹត្តនូវអ្វីដែលច្បាប់បានហាម និងបទល្មើសនានា
*ត្រូវយកចិត្តទុកដាក់ការងារអតីតយុទ្ធជន ពិសេសអតីតយុទ្ធជនមានដីតែគ្មានផ្ទះសំបែង គ្មានផ្ទះហើយទីទ័លក្រ
*សូមចៀសឱ្យផុតពីបញ្ហាគ្រឿងញៀន
*ត្រូវការពារជំងឺកូវីដ ដោយអនុវត្តន៍វិធានការ «៣កុំ និង៣ការពារ»
*ត្រូវមានសាមគ្គីភាពផ្តៃក្នុងឱ្យបានល្អ ត្រូវមានការយោគយល់ អត់ឱនឱ្យគ្នា។
ឯកឧត្ដម គីម រិទ្ធី ក៏បានឧបត្ថម្ភថវិកាចំនួន១០លានរៀលដល់ទីស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងឧបត្ថម្ភថវិកាកម្លាំងចំនួន២៥០នាក់ក្នុងម្នាក់៤ម៉ឺនរៀលផងដែរ៕