លោក ហ៊ុន ម៉ាណែត « ស្មារតី ឆន្ទៈ និងពលិកម្មលះបង់របស់កងទ័ព មិនមែនមានតែនៅក្នុងសមរភូមិប៉ុណ្ណោះទេ »

ស្ទឹងត្រែង : លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពមានភារកិច្ច និងតែងបានចូលរួមនៅក្នុងគ្រប់ស្ថានការណ៍យថាហេតុលំបាក និងគ្រោះថ្នាក់ ក្នុងពេលដែលជាតិ និងប្រជាជនត្រូវការ ដូចជាក្នុងពេលគ្រោះវិបត្តិគ្រោះមហន្តរាយ ព្រមទាំងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជាផលវិបាកបន្សល់ទុកដោយសង្គ្រាម ជាដើម។ លោកថា « ស្មារតី ឆន្ទៈ និងពលិកម្មលះបង់របស់កងទ័ព មិនមែនមានតែនៅក្នុងសមរភូមិប៉ុណ្ណោះទេ » ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការ អគារស្នាក់នៅ និងសមិទ្ធផលនានា ជាអំណោយដ៏ថ្លៃថ្លារបស់ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបន្ថែមថា គោលដៅសំខាន់ពីរនៃគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺការធ្វើឱ្យមានសន្តិភាព ស្ថិរភាពយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ។ ទោះបីក្នុងរយៈកាលជាង ០២ ឆ្នាំកន្លងមកនេះ យើងមានបញ្ហាប្រឈម និងផលប៉ះពាល់ខ្លះពីការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏សុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ចដែលកម្ពុជាកំពុងមាន ជាពិសេសក្នុងប្រមាណប្រមាណ ២០ ឆ្នាំចុងក្រោយមុនការមកដល់នៃជំងឺកូវីដ-១៩ គឺបាន និងកំពុងផ្តល់នូវឱកាសអំណោយផល និងសន្ទុះថ្មីសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ។

ពិតណាស់ កងទ័ពកើតចេញពីប្រជាជន និងធ្វើអ្វីៗដើម្បីសេចក្តីសុខរបស់ប្រជាជន ហើយប្រជាជនវិញ គឺជាប្រភពនៃការផ្គត់ផ្គង់កម្លាំង ទាំងកម្លាំងទ័ព និងកម្លាំងភស្តុភារ ក្នុងនាមជាសមរភូមិក្រោយ។ ទាំងអស់នេះ គឺពិតជាបានស្តែងឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយឈរលើបុព្វហេតុរួម គឺការកសាងមូលដ្ឋាននៃកិច្ចការពារជាតិ ដើម្បីធានាបាននូវសន្តិភាពស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ។ នេះបើតាមការបញ្ជាក់បន្ថែមទៀត ពី លោក ហ៊ុន ម៉ាណែត ។

លោកបានរំលេចថា ក្នុងនាមថ្នាក់លើ ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទគ្រប់លំដាប់ថ្នាក់ តែងបានយកចិត្តទុកដាក់ និងគិតគូរជាប្រចាំអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅទូទាំងប្រទេស ដោយគិតគូរលៃលកធ្វើយ៉ាងណាឱ្យមានការធានាសមរម្យ និងគ្រប់គ្រាន់ ស្របទៅនឹងបទបញ្ជា និងភារកិច្ចដែលបានចាត់តាំង។ ក្នុងន័យនេះ សូមគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះ សម្តេចទាំងទ្វេ ដោយជានិច្ចជាកាលលោកទាំងពីរតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ, ការហ្វឹកហ្វឺនរៀនសូត្រ, ការបំពាក់សម្ភារបរិក្ខារ, ការលើកស្ទួយជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ព តាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃ ជាដើម រហូតយោធិនយើងប្រសិទ្ធនាមថាជា “អគ្គភស្តុភារជាន់ខ្ពស់” ដែលតែងតែយកចិត្តទុកដាក់គិតសព្វគិតគ្រប់ ដោយសារខ្លួន សម្តេចទាំងទ្វេផ្ទាល់ ក៏ជាធ្លាប់យោធិនដែលឆ្លងកាត់ការលំបាកសព្វបែបយ៉ាងនៅក្នុងភ្នក់ភ្លើងសង្គ្រាមផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *