លោក ជា សុផារ៉ា ៖ ហាមដាច់ខាតការទិញលក់ដីធ្លីនិងផ្ទះគ្រប់ប្រភេទ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

សៀមរាប : ថ្មីៗនេះអាជា្ញធររកឃើញថា មានសំណង់ខុសច្បាប់រាប់រយករណី បន្ថែមពីលើករណីសំណង់ខុសច្បាប់ជាច្រើនទៀតដែលបានរំលោភបំពាន ក្នុងតំបន់ការពារ នៃរមណីយដ្ឋានអង្គរ ។ ហើយអាជា្ញធរក៍បានបញ្ជាឱ្យរុះរើចេញផងដែរ ។ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀត លោក ជា សុផារ៉ា បានបញ្ជាក់កាលពីថ្ងៃពុធថា ហាមឃាត់ការទិញលក់ដីធ្លីនិងផ្ទះគ្រប់ប្រភេទ និងមិនផ្ដល់លិខិតគតិយុត្តផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរជាដាច់ខាត ។

ការថ្លែងយ៉ាងដូច្នោះ គ្រាដែលលោកចូលរួមជាអធិបតី ក្នុងពិធីបេីកយុទ្ធនាការចុះវាស់វែង កំណត់ និយាមការក្បាលដី  និងអត្តសញ្ញាណអ្នកកាន់កាប់ដី  និងសំណង់ខុសច្បាប់  ក្នុងតំបន់រមណីយដ្ឋានអង្គរ  និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា  ក្នុងក្រុងសៀមរាប  ខេត្តសៀមរាប កាលពី ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប ។

យោងតាមរបាយការណ៍របស់អាជា្ញធរខេត្តសៀមរាប បានឱ្យដឹងថា យុទ្ធនាការនេះ ក្នុងគោលដៅការពារតំបន់រមណីយដ្ឋានអង្គរដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌ ពិភពលោកឆ្នាំ១៩៩២ មានទំហំ៤០១គីឡូម៉ែត្រការ៉េ ជាតំបន់ដែលចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវរក្សាការពារដាច់ខាត ។

កម្ពុជាក្នុងនាមរដ្ឋសមាជិក មានភារកិច្ចរក្សាការពារតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណនៃដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកល នៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល។ ដោយសារតែព្រះរាជក្រឹត្យលេខ០០១នសចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ បានចាត់ទុករមណីយដ្ឋានអង្គរជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយចំណូលដែលបានពីវិស័យទេសចរណ៍អង្គរ ទទួលបានរាប់រយលានដុល្លារក្នុង១ឆ្នាំៗ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *