ក្រចេះ៖ នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ លែងកូនត្រី និងមេពូជចំនួន ៤ម៉ឺនក្បាល ចូលទៅក្នុងបឹងធម្មជាតិ ស្ថិតនៅក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ដេីម្បីអបអរសាទរទិវា មច្ឆជាតិ ១ កក្តដា ២០២២ ក្រោមវត្តឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ។
លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរខេត្ត បានឲ្យដឹងថា ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត ឲ្យរៀបចំទិវាមច្ឆជាតិថ្នាក់ខេត្ត នៅក្នុងបឹងរំអិល ឃុំសំបុក ស្រុកចិត្របុរី ដេីម្បីលែងកូនត្រី និងត្រីមេពូជាច្រេីនប្រភេព រួមមាន ត្រីប្រា ត្រីឆ្ពិន ត្រីកាហែ ត្រីក្អែក អន្ទង់ ត្រីរ៉ស និងត្រីក្រាញ់ ចូលក្នុងបឹងរំអិល ដែលមានទំហំប្រមាណ ៣២ ហិកតា ដើម្បីបង្កើនផលស្តុកនៅក្នុងធម្មជាតិឱ្យកាន់តែសម្បូរណ៍ឡើងសម្រាប់ប្រើប្រាស់ក្នុងសហគមន៍មូលដ្ឋាន ។
ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ ៖ មានប្រសាសន៍បន្ថែម ថា កំណើនប្រជាពលរដ្ឋ ក៏ដូចជាកំណើន ប្រជានេសាទ ដែលរស់នៅជុំវិញបឹងរំអលនេះ មានការកើនឡើងយ៉ាងឆាប់រហ័ស បានដាក់សម្ពាធយ៉ាងធ្ងន់បន្ថែមទៀត ធ្វើឲ្យមានផលប៉ះពាល់ជាអវិជ្ជមាន ដល់ធនធានជលផល និងធនធានធម្មជាតិផ្សេងៗទៀត ដែលជាឧបសគ្គចម្បង ក្នុងការធ្វើឲ្យបានសម្រេចតាមផែនការប្រើប្រាស់អភិវឌ្ឍធនធានជលផល និងធនធានធម្មជាតិដទៃទៀត ប្រកបដោយចីរភាព ។ ដោយហេតុ នេះហើយទើបរាជរដ្ឋាភិបាលបានរៀបចំកម្មវិធីកំណែទម្រង គោលនយោបាយវិស័យ ជលផល ដ៏ស៊ីជម្រៅមួយជាប្រវត្តិសាស្ត្រ ដោយបានលុបឡូត៍នេសាទទាំងអស់ ហើយបានប្រគល់សិទ្ធិអំណាច ទៅឲ្យសហគមន៍គ្រប់គ្រង និងប្រើប្រាស់ធនធានដោយផ្ទាល់នោះ បានធ្វើឲ្យប្រជាកសិករអាចមានលទ្ធភាពចូលរួមយ៉ាងសកម្ម នៅក្នុងការសម្រេចចិត្ត និងរៀបចំផែនការកម្មវិធីអភិវឌ្ឍន៍នានា របស់មូលដ្ឋានរៀងៗខ្លួន ហើយរួមចំណែកទទួលខុសត្រូវ និងធ្វើជាម្ចាស់លើការគ្រប់គ្រងធនធានធម្មជាតិដោយខ្លួនឯង៕