បាត់ដំបងោ៖ គណបក្សប្រជាជនកម្ពុជា មានរបៀបរបបធ្វើការផ្សារភ្ជាប់គោលនយោបាយទៅនឹងជីវភាពប្រជាពលរដ្ឋ និងសេចក្ដីត្រូវការសង្គម ដើម្បីធ្វើយ៉ាងណាលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិ។
ថ្លែងក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារសិក្សា ១ខ្នង ៤ជាន់ ២០បន្ទប់ នៅអនុវិទ្យាល័យ សោ ហឺ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
មានប្រសាសន៍ថា រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា មានរបៀបរបបធ្វើការផ្សារភ្ជាប់គោលនយោបាយទៅនឹងជីវភាពប្រជាពលរដ្ឋ ពោលគឺគោលនយោបាយ និងកម្មវិធីនយោបាយត្រូវធ្វើឡើងតាមសេចក្ដីត្រូវការសង្គម និងប្រជាពលរដ្ឋ។
សម្ដេចក្ឡាហោម បានបន្តថា កម្ពុជាមានពិសោធសម័យដឹកនាំមុនៗមកហើយ ពិសសរបបប្រល័យពូជសាសន៍ ដែលបានដាក់ចេញគោលការណ៍ មាគ៌ានយោបាយខុសពីសេចក្ដីត្រូវការសង្គម និងប្រជាពលរដ្ឋ មិនគិតពីសុខទុក្ខប្រជាពលរដ្ឋ ផ្ទុយឆន្ទៈ និងបំណងប្រាថ្នាប្រជាពលរដ្ឋ រហូតទីបំផុតដឹកនាំបាន ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក៏រលំរលាយ ទោះបីជាពេលនោះរបបអាវខ្មៅមួយនេះខ្លាំងក្លាកម្រិតណាក៏ដោយ។ សម្ដេចបានបន្ថែមថា ព្រោះហេតុដូច្នេះហើយទើបការដឹកនាំ ការដាក់ចេញគោលការណ៍ មាគ៌ានយោបាយនានា ចាំបាច់ណាស់ត្រូវតម្រូវទៅតាមសេក្ដីត្រូវការសង្គម និងប្រជាពលរដ្ឋជាចាំបាច់។
ពាក់ព័ន្ធនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញការកត់សម្គាល់ថា «ប្រជាពលដ្ឋយើង ខ្ញុំដើរច្រើនកន្លែងហើយ ហើយទទួលសំណូមពរ សំណើក៏ច្រើនដែរ។ គាត់អត់ដែលសុំលុយទិញឡាន ទិញម៉ូតូ ទិញរទេះគោ រទេះក្របី ដើម្បីបម្រើក្រុមគ្រួសារផ្ទាល់របស់គាត់ទេ។ គាត់មានតែសុំសាលារៀន សុំវត្ត សុំផ្លូវ សុំអ្វីៗដែលបម្រើផលប្រយោជន៍សាធារណៈ» ។ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា សំណើរទាំងនេះ គឺជាការឆ្លុះបញ្ចាំងច្បាស់ថា ពលរដ្ឋចង់ឱ្យសហគមន៍ពួកគាត់មានការរីកចម្រើន។
ជាមួយគ្នានេះ សម្តេចក្រឡាហោមបានបញ្ជាក់ថា វិស័យអប់រំ និងសិក្សាធិការ ពិតជាមានសារៈសំខាន់ជាគន្លឹះដើម្បីផលិតធនធានមនុស្សផ្ដល់ទៅគ្រប់វិស័យក្នុងសង្គមជាតិ។
សម្ដេចបន្តថា គ្រប់ផ្នែកទាំងអស់នៃសង្គម មិនបានមើលបំណាំគ្នាអភិវឌ្ឍវិស័យអប់រំឡើយ ក្នុងនោះថ្នាក់ដឹកនាំ និងក្រុមការរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងសប្បុរសជននានា សុទ្ធតែបានផ្ដល់ការគាំទ្រយ៉ាងច្រើន ពិសេសការជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចថ្ងៃនេះស្រាប់។
សម្ដេចក៏បានថ្លែងអំណរគុណក្រុមការងារទាំងអស់ រួមទាំងសប្បុរសជនដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងគណបក្ស ក្នុងនោះក៏ជាមួយសម្ដេចផ្ទាល់ក្នុងឋានៈជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីអភិវឌ្ឍន៍វិស័យអប់រំ រួមទាំងវិស័យផ្សេងទៀតក្នុងខេត្តបាត់ដំបង។
សម្ដេចក្រឡាហោមក៏បានបង្ហាញមោទនភាពចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលផ្ដល់ទំនុកចិត្តលើរាជរដ្ឋាភិបាល លើគណបក្ស និងលើរូបសម្ដេច ព្រមទាំងក្រុមការងារ ដើម្បីស្នើសុំឱ្យជួយសាងសង់សាលារៀន ដ្បិតសម្ដេចអះអាងថា បើគ្មានការជឿជាក់ និងការឱ្យតម្លៃទេនោះ សំណើរនេះនឹងមិនអាចកើតឡើងឡើយ ៕