អាជ្ញាធរខេត្តប៉ៃលិន និងភ្ញៀវទេសចរកោតសរសើរទឹកធ្លាក់ភ្នំខៀវ ត្រង់កន្លែង៣៦ជាន់ ថាមានទេសភាពស្រស់ស្អាតជាងកន្លែងផ្សេងៗ

ខេត្តប៉ៃលិន ៖ តាំងពីដើមរហូតមកដល់ពេលនេះ ប្រហែលជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ មួយចំនួនធ្លាប់ធ្វើដំណើរចេញពីទីរួមខេត្តប៉ៃលិន តាមផ្លូវជាតិលេខ៥៧ ឆ្ពោះទៅតំបន់រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅទឹកធ្លាក់ភ្នំខៀវ ដែលមានចំងាយប្រមាណ៧ទៅ៨គីឡូម៉ែត្រ ។ តែអ្វីដែលភ្ញៀវមិនសូវបានឃើញ និងទៅដល់គឺត្រង់ជាន់ទី៣៦នៃទឹកធ្លាក់ភ្នំខៀវ ដែលអាជ្ញាធរខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យមន្រ្តីនៃមន្ទីរជំនាញយកគ្រឿងចក្រអេស្កាវ៉ាទ័រ ទៅឈូសឆាយរហូតដល់កន្លែងលេងដែលស្រស់ស្អាត ជាងគេគឺនៅត្រង់ជាន់ទី៣៦មានទឹកជ្រោះខ្ពស់ល្អ ។  ជាក់ស្តែងកាលពីឱកាសបុណ្យចូលឆ្នាំចិនថ្មីៗ នេះ បន្ទាប់ពីលោកជំទាវ អភិបាលខេត្តប៉ៃលិន បានឱ្យក្រុមការងារយកគ្រឿងចក្រឈូសឆាយទៅដល់ខាងលើ គឺសង្កេតឃើញថា មានទេសភាពស្រស់ស្អាត មានដើមឈើធំៗ រុក្ខជាតិបញ្ចេញពណ៌ខៀវខ្ចី និងមានទឹកជ្រោះហូរធ្លាក់ពីលើភ្នំឥតដាច់ ពេលភ្ញៀវចុះងូតលេង ធ្វើឱ្យត្រជាក់ត្រជុំ បំបាត់នូវទុក្ខកង្វល់ ថែមទាំងនាំមកនូវស្មារតីភ្លឺស្វាង និងអារម្មណ៍ស្រស់ស្រាយផងដែរ ។

ប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានរៀបចំឈូសឆាយផ្លូវរមណីយដ្ឋាន រហូតទៅដល់ជាន់ខាងលើ ដែលភ្ញៀវទេសចរ អាចបើកបរម៉ូតូ និងរថយន្តឡើងទៅចតនៅផ្នែកខាងលើយ៉ាងងាយស្រួល មិនមានក្បាលថ្មដូចកាលពីមុននោះទេ ។ ហើយក្រុមការងារយុវជន ស.ស.យ.កខេត្ត ក៏បាននាំគ្នាសស្រាក់សស្រាំ ខ្លះជួសជុលខ្យុស ខ្លះធ្វើផ្លូវឡើងចុះកន្លែងទឹកជ្រោះ ព្រមទាំងតុបតែងរបមាត់ផ្លូវឱ្យមានភាពស្រស់ស្អាត ទាក់ចិត្តភ្ញៀវទេសចរឱ្យចូលទៅលេងឥតជិនណាយនោះឡើយ ។  បើតាមការរៀបរាប់ពីក្រុមការងារយុវជនស.ស.យ.កម្នាក់ បានឱ្យដឹងថា នៅថ្ងៃខាងមុខ លោកជំទាវអភិបាលខេត្ត នឹងធ្វើការរៀបចំកន្លែងរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវនេះ ឱ្យកាន់តែទាក់ទាញពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីស្រូបយកភ្ញៀវទេសចរចូលមកលេងខេត្តប៉ៃលិន ឱ្យកាន់តែច្រើនឡើងៗ ដែលអាចជួយឱ្យការលក់ដូររបស់ប្រជាពលរដ្ឋកាន់តែកាក់កប ។ ម្យ៉ាងវិញទៀត ផ្លូវចូលពីក្លោងទ្វាររហូ តដល់កន្លែងលេងទឹកជ្រោះ ចម្ងាយប្រមាណ២គីឡូម៉ែត្រ ត្រូវបានឈូសឆាយរួចរាល់ ហើយនៅថ្ងៃខាងមុខ បើសិនជាមានថវិកាគ្រប់គ្រាន់ អាជ្ញាធរខេត្ត នឹងចាក់បេតុង ឱ្យបានស្អាត ងាយស្រួលធ្វើដំណើរឡើងចុះ មិនបារម្ភចំពោះបញ្ហារថយន្ត ឬម៉ូតូនោះឡើយ ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *