ដោយ៖ សេង ពិសិដ្ឋ
ព្រះវិហារៈ នៅព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារយោធា ឆមាសទី១ ទិសដៅ អនុវត្ដបន្ដ ឆមាសទី២។ កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ លៀង ឡេង មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ យោធភូមិភាគទី៤ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ ឯក ពៅ ហេង មេបញ្ជាការរង កងទ័ព ជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ រួមនិងឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ នឹងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក មេបញ្ជាការរង មេបញ្ជាការរង នាយសេនាធិការ មេបញ្ជាការវរសេនាតូចទាំង២ កងអនុសេនាធំ មេបញ្ជាការក្រុង-ស្រុក នាយការិយាល័យ ផ្នែក អង្គភាពចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារជាច្រើនរូប ។
ក្រោយពីបានស្ដាប់របាយការណ៍ សារុបលទ្ធផលការងា ឆមាសទី១ដែលអង្គភាពសម្រេចបានកន្លងមក អានដោយលោក វរៈសេនីយ៍ឯក ម៉ៅ សុវណ្ណ មេបញ្ជាការរង និងជានាយសេនាធិការតំបន់សឹករួចមក។ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ព្រះវិហារ បានលើកឡើងអំពីលទ្ធផលការងារសម្រេចបានក្នុងឆមាសទី១ របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្នុងការអនុវត្តភារកិច្ចស្នូលដែលថ្នាក់លើបានដាក់ចុះ។ ឧត្តមសេនីយ៍ទោ ក៏បានលើកឡើងនូវឆន្ទៈរបស់យោធិនក្នុងអង្គភាពនេះ គឺរក្សាភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងគោរពឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗផងដែរ។
ឯកឧត្ដមឧត្ដមសេនីយ៍ទោ លៀង ឡេង មេបញ្ជាការរង យោធភូមិភាគ ទី៤ បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដែលធ្វើជាជំនួយស្មារតីដើម្បីរំលឹក និងជំរុញឱ្យដល់មេបញ្ជាការ មេបញ្ជាការរង នាយ នាយរង និងពលទាហាន ចំណុះយោធភូមិភាគទី៤ ត្រូវបន្តយកចិត្តទុកដាក់បំពេញភារកិច្ច តាមតួនាទីរបស់ខ្លួនឱ្យបានល្អប្រសើរបន្ថែមទៀត ទាំងកិច្ចការពារព្រំដែន និងការចូលរួមចំណែកការពារថែរក្សាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ នៅតាមមូលដ្ឋានក្នុងភូមិសាស្រ្ត ទទួលខុសត្រូវ រួមជាមួយការត្រៀមកម្លាំងចល័តអន្តរាគមន៍ដោះស្រាយគ្រោះមហន្តរាយ និងសភាពការណ៍ផ្សេងៗ។
ឯកឧត្ដម មេបញ្ជាការរង យោធភូមិភាគទី៤ បានផ្ដាំផ្ញើរ ដល់តាមបណ្ដាលអង្គភាពគ្រប់អង្គភាពត្រូវបន្តយកចិត្តទុកដាក់ ហ្វឹកហ្វឺនតាមបណ្តាកងឯកភាព នូវយុទ្ធវិធី ជំនាញជាក់ស្តែង ការងារអប់រំចិត្តសាស្ត្រ សតិអារម្មណ៍ ការងារបំផុសចលនាប្រឡងប្រណាំងទៅតាមបណ្តាអង្គភាព សាមគ្គី ភាព ផ្ទៃក្នុង និងមិនអោយមានការប្រើប្រាសគ្រឿងញៀននៅក្នុងអង្គភាពជាដាច់ខាត ។មេបញ្ជាការរងយោធភូមិភាគទី៤ ជំរុញយោធិនចំណុះយោធភូមិភាគ ត្រូវបន្តយកចិត្តទុកដាក់បំពេញភារកិច្ចឱ្យបានល្អប្រសើរ ទាំងកិច្ចការពារព្រំដែន និងការចូលរួមចំណែកការពារថែរក្សាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ៕