ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានបង្ហើបថា រដ្ឋាភិបាលមានគម្រោងបង្កើតភូមិថ្មីបន្ថែមទៀត ក្នុងខេត្តចំនួន៥ ក្នុងនោះមានខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និង ខេត្តព្រះវិហារ ។
បើតាមសម្ដេចក្រឡាហោម នៅក្នុងខេត្តចំនួន ៥ នោះ គឺមានដី នៅទំនេរ ដោយពលរដ្ឋចំណាកស្រុកទៅរស់នៅច្រើន ខណៈ កាលពីពេលកន្លងមក ខេត្តក្រចេះ ទើបតែត្រូវបានរដ្ឋាភិបាល អនុញ្ញាតឱ្យបង្កើតភូមិថ្មី បានជាង៣០ភូមិ ។
តាមរយ:វីដេអូ សម្ដេច ស ខេង ថ្លែងក្នុងពិធីចូលកាន់តំណែងជា អភិបាលខេត្តព្រះវិហារ និងត្រូវបានចែកចាយ កាលពីថ្ងៃទី១៥ ខែសីហា ថា គម្រោងបង្កើតភូមិថ្មីឱ្យច្រើននេះ ស្ថិតនៅក្នុង ខេត្តក្រចេះ ខេត្ត ស្ទឹងត្រែង ខេត្តរតនគិរី ខេត្ត មណ្ឌលគិរី និង ខេត្តព្រះវិហារ ព្រោះភាគច្រើន ខេត្តទាំងនេះ ដីនៅសល់ទំនេរច្រើន និង ប្រជាពលរដ្ឋបានប្រមូលផ្តុំរស់នៅក៏ច្រើន ។
បើតាមសម្ដេច « អ្នកពីក្រោមឡើងមក មកនៅហ្នឹង ប្រជាជន យើងផ្លាស់ទីទៅកន្លែងណា គាត់រស់នៅទីនោះ ហើយស្របច្បាប់ ត្រឹមត្រូវមានដី មានធ្លី កុំទៅ ប្លន់យកដីគេ អាហ្នឹង វាអត់ខុស ទាស់អីទេ ។ ដូច្នេះត្រូវបង្កើតភូមិឱ្យគាត់ បើនៅឆ្ងាយ ដាច់ស្រយាល ងាយស្រួលក្នុងការផ្តល់សេវាកុំឱ្យពិបាក » ៕