កំពង់ធំ៖ អភិបាលខេត្តកំពង់ធំ .ឯកឧត្តម ងួន រតនៈ បានថ្លែងថា ដើម្បីចូលរួមក្នុងការបង្ការទប់ស្កាត់ រាល់ការបំផ្លាញធនធានធម្មជាតិនានា បានប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងនោះមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តតាមយុទ្ធសាស្ត្រ «ដៃម្ខាងដាំ ដៃម្ខាងបង្ក្រាប»។ ការលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីរុក្ខទិវាថ្នាក់ខេត្ត នៅតំបន់ព្រៃសហគមន៍វាលអូរក្តី ស្ថិតនៅក្នុងភូមិសាស្រ្តឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃ១៥ ខែសីហា ឆ្នាំ២០២២។
ឯកឧត្តម ងួន រតនៈ បានថ្លែងថា ការគ្រប់គ្រង ក្នុងការបង្ក្រាបទប់ស្កាត់ធនធានធម្មជាតិក្នុងខេត្តកំពង់ធំមិនទាន់មាននិរន្តរភាព ១០០%នៅឡើយទេ។ ដូចនេះហើយទើបរាជរដ្ឋាភិបាលបានបង្កើតសហគមន៍ឡើងដើម្បីចង់ឲ្យប្រជាពលរដ្ឋមានសិទ្ធិអាទិភាពក្នុងការចូលរួមថែរក្សាការពារព្រៃឈើទាំងអស់គ្នា។ ក្នុងនោះដែរត្រូវរួមគ្នាដាំដើមឈើឡើងវិញ ដោយការដាំនេះមិនមែនតែ ១ឆ្នាំម្ដងនោះទេ គឺចូលរួមដាំជារៀងរាល់ថ្ងៃ។ ម្យ៉ាងវិញទៀតក្នុងយុទ្ធនាការដាំ និង ថែទាំកូនឈើ គឺជាការចូលរួមចំណែកទាំងអស់គ្នា ទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋផ្ទាល់ផងដែរ ដើម្បីយកកូនឈើដាំបន្ថែមឲ្យក្លាយជាតំបន់បៃតង នៅក្នុងសហគមន៍។
ឯកឧត្តម ងួន រតនៈ ក៏បានអំពាវនាវដល់នគរបាលយុត្តិធម៌ជាស្នូល បន្តសហការជាមួយអាជ្ញាធរដែនដី គណៈបញ្ជាការឯកភាព ឃុំ/ស្រុក ត្រូវបន្តពង្រឹងអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ក្នុងការបង្ការ និងទប់ស្កាត់ រាល់បទល្មើសបំផ្លាញព្រៃឈើ និងការន្ទ្រានដីព្រៃ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ។
យោងតាមការឱ្យដឹងពី លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានបញ្ជាក់ថា ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំជាសេនាធិការ បានសហការជាមួយរដ្ឋបាលខេត្ត អង្គការជាតិ-អន្តរជាតិ ជាពិសេសអាជ្ញាធរស្រុកសន្ទុក បានរៀបចំពិធីអបអរសាទររុក្ខទិវាឆ្នាំ២០២២ នៅភូមិសាស្ត្រតំបន់សហគមន៍ព្រៃឈើវាលអូរក្តី ឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំដោយដាំកូនឈើ ៥ ប្រភេទ ធ្នង់, គ្រញូង, បេង, គគីរ, ឈើទាល សរុបចំនួន២៥.០០ដើម ក្នុងទំហំដី ២ហិតា៕SKS