កណ្តាល ៖ ប៉ូលិសស្រុកពញាឮ បានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីបានធ្វើសកម្មភាពទិញថ្នាំញៀនពីស្វាយប៉ាក មកលក់បន្តកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១១និង៥០នាទី នៅចំណុចដីចម្ការភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ផាត ចាន់ណាត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំញៀន មានទីលំនៅភូមិ ត្រពាំងរបង ឃុំជ្រៃលាស់ ស្រុក ពញាឮ ខេត្តកណ្តាល។ ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម ។ វត្ថុតាងចាប់យករួមមាន ១-សារធាតុញៀនមេតំហ្វេតាមីន(ice) ចំនួន ១៤ កញ្ចប់តូច,២-ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន, ៣-កាបូបស្ពាយចំហៀងមួយ, ៤-ម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម គុមានពាក់ស្លាកលេខ។
ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសជំនាញស្រុក សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ជ្រៃលាស់ បានចេញល្បាតតាមភូមិសាស្រ្តងាយរងគ្រោះ , លុះមកដល់ចំណុចកើតហេតុខាងលើ បានឃើញជនសង្ស័យមានស្ពាយកាបូបគួរឱ្យសង្ស័យ ក៏បានសួរនាំ និង ឆែកឆេររកឃើញវត្ថុតាងដូចខាងលើ ភ្លាមនោះប៉ូលិសបានឃាត់ខ្លួនបានជនសង្ស័យ និង ចាប់យកវត្ថុតាងបញ្ជូនមកអធិការដ្ឋានស្រុកពញាឮ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ,ជនសង្ស័យបានសារភាពថា«ថ្នាំដែលខ្លួនធ្វើសកម្មភាពយកមកលក់ពេលនេះ គឺខ្លួនបានទៅទិញ នៅស្វាយប៉ាក ដោយទិញម្តងៗចំនួន ១៥ កញ្ចប់តូច តម្លៃ ២០ ម៉ឺនរៀល ( ម្ភៃម៉ឺនរៀល) ដើម្បីយកមកលក់បន្ត»។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី នៃ ច្បាប់ ៕ ដោយ ភាវុន