ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ថា រថយន្តដែលប្រគល់ជូនស្នងការនគរបាលខេត្តទាំង ១៩ នៅថ្ងៃនេះ គឺយកទៅប្រើឲ្យចំគោលដៅ តួនាទីភារកិច្ច គឺមិនមែនសម្រាប់បុគ្គលណាមួយ និងមិនមែនឲ្យយកទៅដឹកទំនិញគេចពន្ធ គឺមិនបានជាដាច់ខាត។
ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាន នគរបាលខេត្តចំនួន ១៩ខេត្ត នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ សម្តេចក្រឡាហោម ស ខេង បានបន្តថា រថយន្តដែលផ្តល់ជូននេះ គឺជាសម្បត្តិរបស់រដ្ឋ ហើយសុំឲ្យចុះបញ្ជីជាសារពើពន្ធរបស់រដ្ឋ។ សូមជម្រាបថា រថយន្តដែលប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តចំនួន ១៩ខេត្ត គឺមានចំនួន ៥០គ្រឿង។ ការប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលរាជធានី ខេត្ត គឺមានចំនួន ៤លើកហើយ សារុបរថយន្តចំនួន ១៤៥គ្រឿង មានដូចជា: លើកទី១. នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ មានចំនួន ២០គ្រឿង។ លើកទី២. នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។ លើកទី៣. នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ និងលើកទី៤. នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះផងដែរ៕