បន្ទាយមានជ័យ៖ទីផ្សារពោតក្រហមឆ្នាំ2022នេះ ប្រជាកសិករស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ គឺលក់បានតម្លៃល្អប្រសើរជាងឆ្នាំមុន តែកាច់កិនថ្លៃដើមទៅសល់ប្រហាក់ប្រហែលឆ្នាំមុន ដែលឈ្មួញមកទិញដល់ផ្ទះ នាំចេញទៅប្រទេសថៃ។
ប្រជាកសិករនៅស្រុកម៉ាឡៃបានប្រាប់នៅថ្ងៃទី11 ខែសីហា ឆ្នាំ2022ថា៖ នៅឆ្នាំ2022នេះ ពោត ក្រហមដែលប្រជាកសិករប្រមូលផលលក់ដែលឈ្មួញមកទិញដល់មុខដល់កន្លែងប្រមូលផល គឺតំលៃឆ្នាំនេះពិតបានថ្លៃប្រសើរជាងឆ្នាំមុនដោយឆ្នាំនេះឈ្មួញមកទិញដល់ផ្ទះ1តោនតំលៃ6,000បាត ស្មើជិត70,0000រៀល(ជិតប្រាំពីរសែនរៀល) បើប្រៀបធៀបកាលពីឆ្នាំមុន ឈ្មួញទិញ1តោនតំលៃជាង5,000បាត។
ប្រជាកសិករបានបញ្ជាក់ថា៖ ពោតក្រហមមាន2ប្រភេទគ្រាប់ពូជន៍ពោតក្រហមMK និងពោតក្រហមCPដាំរយៈពេលជាង3ខែប្រមូលផលដូចគ្នាក្នុង1ហិកតាទទួលផលជាមធ្យម60បាវស្មើនឹងជាង5តោន ហើយឆ្នាំ2022នេះ ថ្លៃភ្ជួររាស់ ថ្លៃជី និងជួលកម្មករ ថ្នាំបាញ់ ប្រេងសាំង ម៉ាស៊ូត ឡើងថ្លៃ បើប្រៀបធៀបកាច់កិនទៅនឹងឆ្នាំមុនគឺប្រជាកសិករអាចសល់បានប្រហាក់ប្រហែលគ្នាដែលឈ្មួញទិញទៅលក់បន្តឲ្យឈ្មួញថៃនាំចេញទៅប្រទេសថៃតាមច្រកទ្វារតំបន់ព្រំដែនការបីនស្រុកភ្នំព្រឹកខេត្តបាត់ដំបង។
គួរបញ្ជាក់ថា៖នៅថ្ងៃទី10 ខែសីហាឆ្នាំ2022ម្សិលមិញនេះ មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានជម្រាបជូនពីតំលៃទីផ្សារ ពោតក្រហមស្នូលក្នុង1គីឡូក្រាមតំលៃ655រៀល ប្រៀបធៀបនៅថ្ងៃទី08និង09 ខែសីហា ឆ្នាំ2022ក្នុង1គីឡូក្រាមតំលៃ600ទៅ650រៀល ៕ដោយ៖សៅ នៅ