បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ក់ ស៊ីណា ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិសែសិន សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខែត្របន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បញ្ជាក់ថា នៅវេលាម៉ោង២០និង៤៥នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះល្បាតការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ក្នុងភូមិសាស្រ្តក្រុង ហើយក៏បានប្រទះឃើញមនុស្សប្រុសម្នាក់គួរឱ្យសង្ស័យ ទើបហៅមកសួរនាំស្រាប់តែជនសង្ស័យស្ទុះរត់គេចខ្លួន តែត្រូវតាមឃាត់ខ្លួនបានភ្លាមៗ និងធ្វើការឆែកឆេរ ឃើញមានគ្រឿងញៀនប្រភេទទឹកកកចំនួន០១កូនថង់កិប ទម្ងន់ ១.៤៧ក្រាម, ថ្នាំគ្រាប់ពណ៌ក្រហមក្បឿងចំនួន០៥គ្រាប់ ទម្ងន់ ០,៤៨ក្រាម , ម៉ូតូ ១គ្រឿង រួមនឹងសម្ភារៈមួយចំនួន។
លោកបញ្ជាក់ថា ពេលសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកគ្រឿងញៀនខាងលើមកលក់ដូរ និងទុកសម្រាប់ប្រើប្រាស់ខ្លួនឯងពិតប្រាកដមែន ។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ ទើបកម្លាំងមូលដ្ឋានអាវុធហត្ថ ក្រុង សិរីសោភ័ណ កសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ដោយមានការសម្របសម្រួល ពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជនសង្ស័យត្រូវបានបញ្ជូនបន្តទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕ដោយ៖ សៅ នៅ