ខេត្តកណ្តាល៖ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា វគ្គ បណ្តុះបណ្តាល គ្រូបង្គោល វគ្គ តម្រង់ទិសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើបជាប់ឆ្នោតថ្មី អាណត្តិទី៥ ដែលមានរយៈពេល ០២ថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ វគ្គនេះនឹងផ្ដល់នូវចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗបន្ថែមទៀតដល់លោក លោកស្រីដែលជាគ្រូបង្គោល ដែលអញ្ជើញមកពីរាជធានី ខេត្តទំាង២៥ ទូទាំងព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងមេរៀនទិដ្ឋភាពទូទៅ, រចនាសម្ព័ន្ធតួនាទី ភារកិច្ច ខ្សែគណនេយ្យភាព និងទំនាក់ទំនងអន្តររដ្ឋបាល, ការងារត្រូវធ្វើក្រោយប្រកាសចូលកាន់មុខតំណែ, កិច្ចប្រជុំក្រុមប្រឹក្សា, ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល, ការផ្តល់សេវាសាធារណៈ , កិច្ចការរដ្ឋបាល, ការគ្រប់គ្រងបុគ្គលិក, និងការគ្រប់គ្រងហិរញ្ញវត្ថុ។
ឯកឧត្តមបានបញ្ជាក់ដូច្នេះ ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាគណៈអធិបតីជាមួយនិង ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ក្នុងវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលមកពី២៥ រាជធានី-ខេត្ត ដើម្បីត្រៀមតម្រង់ទិសដល់ក្រុមប្រឹក្សាឃុំ សង្កាត់ដែលទើបជាប់ឆ្នោតថ្មី នៅទូទាំងប្រទេស ដែលវគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងនៅសាលាខេត្តកណ្តាល នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ។
ឯកឧត្តមអភិបាលរងខេត្ត បានជំរុញ និងលើកទឹកចិត្តដល់ គ្រូបង្គោលដែលជាសិក្ខាកាមទាំងអស់ ត្រូវខិតខំត្រងត្រាប់ស្តាប់នូវបទបង្ហាញរបស់វាគ្មិនដែលជាគ្រូឧទ្ទេស ទៅលើខ្លឹមសារ និងប្រធានបទទាំងអស់ដែលមានក្នុងវគ្គនេះ ដោយយកចិត្តទុកដាក់បំផុត ករណីមាន ចម្ងល់ ឬ មិន ច្បាស់លាស់ លើចំណុចណាមួយ ត្រូវហ៊ានលើកជា សំណួរ ដើម្បី កក្រុមការងារជួយសម្របសម្រួល ធ្វើការបកស្រាយ ពន្យល់ និងបំភ្លឺឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត ។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេសគឺមានចំនួនជាង ១ម៉ឺននាក់ ក្នុងនោះសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលទើបជាប់ឆ្នោតថ្មី និងមិនដែលបានជាប់ឆ្នោតពីមុននោះគឺមានចំនួនជាង ៥ពាន់នាក់ ដូច្នេះវគ្គសិក្សានេះគឺមានសារៈសំខាន់ណាស់សម្រាប់គ្រូបង្គោលយកទៅ តម្រង់ទិសដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមិនទាន់មានបទពិសោធក្នុងការងារ សំដៅជួយពង្រឹងសមត្ថភាព ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ថ្មី អាចអនុវត្តតួនាទីនិងភារកិច្ច ក្នុងការឆ្លើយតបនឹងតម្រូវការចាំ បាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាពដើម្បី ឈាន ឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា ក្នុងវគ្គសិក្សានេះគឺមានរយៈពេល ២ថ្ងៃ ដោយមានសិក្ខាកាមចូលរួមសិក្សាដើម្បីក្លាយជាគ្រូបង្គោលចំនួន ៩៤នាក់ ស្រី ១៤នាក់ មកពី២៥ រាជធានី-ខេត្ត ទូទាំងប្រទេស ។ សូមជម្រាបបន្ថែមថា ក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងខេត្តកណ្តាលមានចំនួន ៩១៥នាក់ ស្រីចំនួន១៨៨ នាក់ និងមានគ្រូបង្គោលសម្រាប់ចុះតម្រងទិស ដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ដែលជាប់ឆ្នោតថ្មីចំនួន ២រូបផងដែរ។