ខេត្តស្វាយរៀង៖នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានធ្វើការក្រើនរំលឹក និងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់កុំសាងសង់សំណង់នៅលើចិញ្ចើមផ្លូវរបស់រដ្ឋ និងត្រូវបញ្ឈប់ការចោលសំរាមពាសវាលពាសកាលនៅទីសាធារណៈ ដើម្បីបរិស្ថានស្អាតនិងទីក្រុងមានសោភណ្ឌភាពល្អ ពីព្រោះថាសំរាមគឺជាបញ្ហាប្រឈមរួមដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ដោះស្រាយមិនអាចខ្វះបាន នាពេលបច្ចុប្បន្ននេះ។ ក្រៅពីនេះយើងទាំងអស់គ្នាត្រូវឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងនៅមូលដ្ឋាន មានជាអាថ៌ គ្រោះធម្មជាតិ. ជំងឺដង្កាត់ផ្សេងៗ
បញ្ហាសត្វពាហៈហនៈរបស់ប្រជាពលរដ្ឋដែលចិញ្ចឹមហើយព្រលែងពាសវាលពាសកាល និយាយជារួមគឺរួមគ្នាដោះស្រាយរាល់បញ្ហាទាំងឡាយដែលកើតមានឡើងនៅមូលដ្ឋាន។
លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកនិងលោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិតបានអញ្ជើញជាអធិបតីនៅក្នុងអង្គវេទិការសាធារណៈជួបជាមួយប្រជាពលរដ្ឋ នៅក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
លោកអភិបាលក្រុងបានមានប្រសាសន៍បន្តទៀតថាៈ ក្រោមការដឹកនាំនិងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាក្រសួងសាធារណការនិងដឹកជញ្ជូនបានពង្រីកផ្លូវជាតិលេខ១ប្រវែង៧គីឡូម៉ែត្រចាប់ពីបង្គោលគីឡូម៉ែត្រលេខ១៥៩ដល់បង្គោលគីឡូម៉ែត្រលេខ១៦៦ដាក់លូរំដោះទឹកភ្លៀងអមសងខាងផ្លូវនិងដាក់ភ្លើងបំភ្លឺចំកណ្តាលផ្លូវ និងបានស្ថាបនាលូមេរំដោះទឹកភ្លៀងចំនួន៣ខ្សែប្រវែង៦.៥៧៨ម៉ែត្រនិងសាងសង់កន្លែងញែកសម្រាម ១ កន្លែងសមិទ្ធផលទាំងអស់សម្រេចបានមួយរយភាគរយដែលជាថវិកាជំនួយរបស់ធនាគារអភិវឌ្ឍអាសុី ADB ។ ក្រសួងសាធារណការនិងដឹកជញ្ជូនបាននឹងកំពុងអនុវត្តគម្រោងស្ថាបនាពង្រីកផ្លូវជាតិលេខ១ ម្ខាងប្រវែង៦.៣០០ម៉ែត្រទទឹង៣,៥ម៉ែត្រ ផ្លូវថ្មើរជើងក្រោមដីចំនួន២កន្លែងនិងពង្រីកបរិវេណតំបន់ច្រកទ្វារត្រួតពិនិត្យព្រំដែនអន្តរជាតិបាវិតម្ខាងប្រវែង១១០ម៉ែត្រទទឹង១៥ម៉ែត្រដែលអនុវត្តដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប បច្ចុប្បន្នការងារនេះសម្រេចបាន៧៥ភាគរយហើយ។
លោក លឹម សៀងហេង បានឲ្យដឹងបន្ថែមទៀតថាៈ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានយកចិត្តទុកដាក់ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងបាវិតដោយបានស្ថាបនាផ្លូវបេតុងចំនួន៥ខ្សែប្រវែង១៥.០០០ម៉ែត្រទទឹង៨ម៉ែត្រនិងដាក់លូអមសងខាងផ្លូវប្រវែង ២.០០០ម៉ែត្រ ជួសជុលផ្លូវវាងក្រុងក្រាលកៅស៊ូ១ខ្សែប្រវែង៨.៥០០ម៉ែត្រ បន្ថែមទៀតនៅក្នុងបាវិតដោយប្រើប្រាស់ថវិកាគុណប្រយោជន៍របស់ខេត្ត បច្ចុប្បន្នរដ្ឋបាលខេត្តគ្រោងសាងសង់ផ្លូវបេតុងចំនួន២ខ្សែប្រវែង២.០០០ម៉ែត្របន្ថែមទៀត។ ចំពោះផ្លូវទាំងអស់នេះជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់បញ្ជៀសការកកស្ទះចរាចរណ៍ក្នុងក្រុងបាវិត។
លោកអភិបាលក្រុងបានមានប្រសាសន៍សង្កត់ធ្ងន់ថាៈ រដ្ឋបាលក្រុងបាវិតនិងសង្កាត់ទាំង៥បានស្ថាបនាផ្លូវបេតុងបានចំនួន៥ខ្សែប្រវែង១.៧២៣ម៉ែត្រនិងដាក់លូរំដោះទឹកភ្លៀងអមសងខាងផ្លូវបាន២ខ្សែប្រវែង១.០១០ម៉ែត្ររួចរាល់ជាស្ថាពរដោយប្រើប្រាស់កញ្ចប់ថវិកាមូលនិធិក្រុងនិងសង្កាត់ ហើយក្រៅពីនេះក្រុងក៏បានដាក់ភ្លើងសូឡាបំភ្លឺតាមផ្លូវ ៣១៩C (ផ្លូវវាងក្រុង)ចំនួន២៥០បង្គោល និងបានដាំដើមឈើខ្នាតធំល្មមចំនួន២០០ដើមនៅផ្លូវ៣១៩A និងផ្លូវ៣១៩ B ដើម្បីលើកកម្ពស់សោភណ្ឌភាពដែលជាការ ជួយឧបត្ថម្ភដោយសប្បុរសជននានា។ ហេតុនេះហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីសម្រេចបាននូវលទ្ធផលជាផ្លែផ្លាក៏ដូចជាជួយថែរក្សានូវសមិទ្ធផលផ្សេងៗដែលយើងមាននៅថ្ងៃនេះទុកប្រើប្រាស់បានយូអង្វែងទៅថ្ងៃក្រោយ ៕