លោកជំទាវឃួន ឃុនឌី បានជំរុញដល់គ្រប់ក្រុមការងារមូលដ្ឋាន ត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយបញ្ហានិងតម្រូវការជូនពួកគាត់

កំពង់ធំ៖ លោកជំទាវឃួន ឃុនឌី  បានជំរុញដល់គ្រប់ក្រុមការងារចុះមូលដ្ឋាន  ត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយបញ្ហានិងតម្រូវការពួកគាត់បានទាន់ពេលវេលា។

លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងជាប្រធានក្រុមការងារចុះមូលដ្ឋាន  ស្រុកកំពង់ស្វាយខេត្តកំពង់ធំ និងគណប្រតិភូអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា   និងមានការអញ្ជើចូលរួមរបស់សមាជិកសមាជិការប្រមាណជិត១០០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនៅថ្ងៃទី០៧ ខែសីហា  ឆ្នាំ២០២២។

ថ្លែងនៅក្នុងឱកាសដ៏វិសេសវិសាលនេះ  លោកជំទាវបានជំរុញដល់គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋាន  ត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋនិងសមាជិកសមាជិការ តាមមូលដ្ឋានរបស់ខ្លួន ដើម្បីជួយដោះស្រាយបញ្ហានិងតម្រូវការពួកគាត់បានទាន់ពេលវេលានិងចំគោលដៅ ហើយត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង  និងត្រូវបង្កើនការយកចិត្តទុកដាក់លើយុវជន  ព្រមទាំងកម្លាំងបន្តវេន និងបេក្ខជនដែលមានសក្តានុពលនិងប្រជាប្រិយភាព ។

ជាមួយនេះផងដែរលោកជំទាវ បានបង្ហាញថា  ជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សឃុំសង្កាត់អាណត្តិទី៥កន្លងមកគឺជាការគាំទ្រថ្មីៗថែមទៀតរបស់ប្រជាជនកម្ពុជាពិសេសពីសំណាក់យុវជននិងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

សមាជិកព្រឹទ្ធសភារូបនេះ បានណែនាំដល់មន្ត្រីគ្រប់រូបត្រូវធ្វើខ្លួនជាមន្ត្រីល្អ ជាអ្នកធ្វើការបំរើស្ថាប័ន អង្គភាពឲ្យមានការីកវំរើន និងបំរើប្រជាពល ឲ្យបានពិតប្រាកដនិងត្រូវជៀសឲ្យផុតជាមន្ត្រីគ្រាប់ល្ពៅ។

ជាចុងបញ្ចប់ លោកជំទាវបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវបន្តជួយថែរក្សាសន្តិភាពឲ្យបានគង់វង្សស្ថិតស្ថេរ និងជួយគាំពារជនងាយរងគ្រោះ ពិសេសត្រូវបន្តប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ១៩ និងត្រូវចេះរស់នៅតាមគន្លងប្រក្រតីភាពថ្មី និងចាក់វ៉ាក់សាំងបង្កាមេរោគកូវីដឲ្យបានគ្រប់ៗគ្នា។

You might like

Leave a Reply

Your email address will not be published. Required fields are marked *