ពលរដ្ឋជិត៤០គ្រួសារ រស់នៅលើកំពូលភ្នំត្បែងមានជ័យ អភិបាលខេត្តព្រះវិហារថ្មីប្រកាសកសាងសមិទ្ធផលជូន

 

ដោយ៖សេង ពិសិដ្ឋ

ព្រះវិហារៈ អភិបាលខេត្តព្រះវិហារថ្មី ឯកឧត្ដម លោក គីម រិទ្ធី ដែលទើបប្រកាសចូលកាន់តំណែងប៉ុន្មានថ្ងៃមុននេះ បានប្រកាសកសាងសមិទ្ធផលនានា រួមមានសាលារៀន ប៉ុស្តិ៍សុខភាព និងប្រព័ន្ធទឹកស្អាត ជូនប្រជាពលរដ្ឋចំនួន១១៧នាក់ ស្មើនឹង៣៨គ្រួសារ ដែលរស់នៅលើកំពូលភ្នំត្បែងមានជ័យ ក្នុងភូមិក្តីលើ ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

ការប្រកាសជួយកសាងសមិទ្ធផលជូនប្រជាពលរដ្ឋបែបនេះ ក្នុងឱកាសដែលឯកឧត្ដមនិងលោកជំទាវ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី ឡើងភ្នំត្បែងមានជ័យដែលមានកាំជណ្តើរជាង១,០០០កាំ ដើម្បីអុជធូបបួងសួង សុំសេចក្តីសុខសប្បាយ ពីវត្ថុស័ក្កសិទ្ធដែលថែរក្សានៅវត្តដំបូកខ្មៅ និងវត្តថ្មបីដុំនៅលើកំពូលភ្នំត្បែងមានជ័យជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នេះ។

ឯកឧត្ដម គីម រិទ្ធី បានថ្លែងជម្រាបជូនប្រជាពលរដ្ឋនូវអនុស្សាវរីយ៍ដែលមាននៅថ្ងៃនេះចំពោះរូបលោកនិងភរិយា ដែលបានឆ្លងកាត់នូវការលំបាកខ្លះៗមុននឹងឡើងមកដល់លើកំពូលភ្នំត្បែងនិងបានបន្តដំណើរដោយថ្មើរជើងផង ដោយជិះគោយន្តកន្ត្រៃយ៍ផង មកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅពេលនេះ។

ឯកឧត្ដម អភិបាលខេត្តព្រះវិហារ បញ្ជាក់ថា ថ្ងៃនេះក្រៅពីមកអុជធូបបួងសួងសុំសេចក្តីសុខសប្បាយ ពីវត្ថុស័ក្កសិទ្ធនៅវត្តដំបូកខ្មៅនិងវត្តថ្មបីដុំ លើកំពូលភ្នំត្បែងមានជ័យ លោកក៏មានបំណងស្វែងយល់ពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋរស់នៅលើភ្នំនេះដែរ ឯកឧត្ដម គីម រិទ្ធី បានថ្លែងនូវការកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សាបរិស្ថាននៅលើភ្នំនេះបានល្អ។

តបតាមសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្ដម ក៍បានសន្យាជួយសាងសង់សាលារៀន ប៉ុស្តិ៍សុខភាព ធុងចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋនៅខាងលើនោះដែរ។

ឯកឧត្ដម គីម រិទ្ធី និងលោកជំទាវ បានឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋរស់នៅលើភ្នំត្បែងចំនួន៣៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា១០ម៉ឺនរៀល ប្រគេនព្រះសង្ឃ៥អង្គ ក្នុង១អង្គបច្ច័យ៣០ម៉ឺនរៀល និងបានប្រគេនបច្ច័យមួយចំនួនសម្រាប់កសាងវត្តដំបូកខ្មៅនិងវត្តថ្ម៣ដុំផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *