លោក ហ៊ុន ម៉ាណែត ៖ មីនជាឧបសគ្គរាំងស្ទះការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ

កំពង់ឆ្នាំង : បើតាមលោក ហ៊ុន ម៉ាណែត គ្រាប់មីនកប់ក្នុងដីដ៏ច្រើន, ស្លាកស្នាមនៃពិការភាព, ការបាត់បង់អាយុជីវិត និងទុក្ខសោករបស់កុមារកំព្រារាប់ពាន់នាក់ ដែលកម្ពុជាបានហែលឆ្លងកាត់នាពេលកន្លងមក គឺជាតឹកតាង និងមេរៀនដ៏ឈឺចាប់ ដែលយើងទាំងអស់គ្នាត្រូវចងចាំជានិច្ច និងមិនត្រូវបំភ្លេចឡើយ។

អតីតកាលដ៏ខ្មៅងងឹតទាំងនេះ បង្ហាញប្រាប់យើងទាំងអស់គ្នាយ៉ាងច្បាស់ថា គ្មានអ្វីដែលប្រសើរជាងសុខសន្តិភាព, សុវត្ថិភាព និងសេរីភាព ដែលបានបង្កលក្ខណៈឱ្យយើងអាចរស់នៅប្រកបដោយសេចក្តីសុខ និងសុភមង្គលពេញលេញ ជាមួយក្រុមគ្រួសាររៀងៗខ្លួន ខណៈពេលដែលកូនៗរបស់យើងអាចកាន់ប៊ិក ខ្មៅដៃ សៀវភៅ និងកំពុងសិក្សានៅក្នុងថ្នាក់រៀន ជំនួសដោយការកាន់កាំភ្លើង និងសព្វាវុធក្នុងជម្លោះហិង្សាដ៏គួរឱ្យស្អប់ខ្ពើម។ ជាងនេះទៅទៀត ពួកគេក៏អាចរត់លេងយ៉ាងសប្បាយរីករាយ និងមិនមានការព្រួយបារម្ភ ឬខ្វល់ខ្វាយអំពីសង្រ្គាម និងគ្រាប់មីនឡើយ។ នេះបើតាមការថ្លែងពីលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីអបអរសាទរខួបលើកទី៣០ នៃការបង្កើតមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC-ស៊ីម៉ាក់) និងការបំពាក់ឋានន្តរស័ក្តិកងយោធពលខេមរភូមិន្ទ ជូនមន្ត្រីស៊ីម៉ាក់ចូលនិវត្តន៍ ក្នុងខេត្តកំពង់ឆ្នាំង ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ។

លោក ហ៊ុន ម៉ាណែត បានថ្លែងទៀតថា បន្ទាប់ពីសង្គ្រាមស៊ីវិលត្រូវបានបញ្ចប់ទាំងស្រុងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ សម្ដេចតេជោ នាយករដ្ឋមន្រ្ដី រាជរដ្ឋាភិបាលបានកំណត់ជ្រើសរើសយកកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ជាគោលដៅយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសជាតិឡើងវិញ ពីព្រោះបញ្ហាមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ មិនត្រឹមតែជាការគំរាមកំហែងមកលើសេចក្តីសុខ សុវត្ថិភាព និងសន្តិភាពពេញលេញរបស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឧបសគ្គរាំងស្ទះដ៏ស្មុគ្រស្មាញចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជារួមផងដែរ។ ដោយសារការប្តេជ្ញាចិត្តយ៉ាងមុតមាំនេះ អត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងរយៈពេលចុងក្រោយនេះបានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ជាក់ស្តែង អត្រាអ្នកគ្រោះថ្នាក់ដោយសារគ្រាប់មីនក្នុងឆ្នាំ២០០០-២០០៥ ដែលមានរហូតដល់ជាង ៨០០ នាក់ ក្នុងមួយឆ្នាំៗ បានធ្លាក់ចុះមកក្នុងអត្រាប្រមាណ ៣២ នាក់ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២២ គិតត្រឹមខែមេសានេះ ។

លោក ហ៊ុន ម៉ាណែត ថា រាជរដ្ឋាភិបាលកន្លងមក បានខិតខំប្រឹងប្រែងគ្រប់លទ្ធភាព ទាំងស្មារតី ថវិកា និងធនធានដទៃៗទៀត សំដៅធ្វើយ៉ាងណាជំរុញឱ្យសកម្មភាពកម្ចាត់មីននេះ ឱ្យទទួលបានជោគជ័យ។ ក៏ប៉ុន្តែ កម្ពុជានៅបន្តត្រូវការធនធានជាច្រើនបន្ថែមទៀត ដើម្បីឱ្យកម្ពុជាអាចសម្រេចបាននូវទស្សនវិស័យដែលបានកំណត់ទុក។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានទទួលយក និងបន្តទទួលស្វាគមន៍ចំពោះការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ និងបណ្តាប្រទេសជាមិត្ត ដែលបានផ្តល់ជំនួយគាំទ្រតាមគ្រប់រូបភាព ទាំងតាមរយៈយន្តការ រាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ផ្នែកឯកជន យន្តការទ្វេភាគី និងពហុភាគី សំដៅកម្ចាត់ឃាតកលាក់មុខទាំងនេះ ឱ្យបានឆាប់រហ័សបំផុត។ ក្នុងស្មារតីនេះ សូមលើកទឹកចិត្ត និងសូមស្វាគមន៍ចំពោះការគាំទ្រ ការផ្តល់ជំនួយ និងកិច្ចសហប្រតិបត្តិការពីគ្រប់ដៃគូអភិវឌ្ឍន៍ បណ្តាប្រទេសជាមិត្ត និងវិស័យឯកជនទាំងអស់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចនូវមហិច្ឆតាដ៏ធំធេង សំដៅផ្តល់ស្នាមញញឹមជូនបងប្អូនជនរួមជាតិរបស់យើង។

ក្រៅពីនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍន៍, បណ្តាប្រទេសជាមិត្ត ព្រមទាំងអង្គការ, ស្ថាប័ន, ក្រុមហ៊ុន និងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា ព្រមជាមួយនឹងសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ថ្លៃថ្លាទាំងនេះ នឹងនាំទៅដល់ការសម្រេចបាននូវទស្សនវិស័យរួម “កម្ពុជាសូន្យមីនក្នុងឆ្នាំ២០២៥” ដូចការរំពឹងទុកជាក់ជាមិនខាន ៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *