កណ្តាល ៖ បុរសម្នាក់និងក្មេងប្រុសម្នាក់ ត្រូវបានកម្លាំងប៉ូលិសចម្រុះ ឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីបានធ្វើសកម្មភាពលួចឡានមួយគ្រឿង កាលពីថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះទេព វណ្ណា ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ សម្ភារបាត់បង់ រថយន្ដមួយគ្រឿងម៉ាកKIA TITAN ពណ៌លឿង ផលិតឆ្នាំ1994 ពាក់ស្លាកលេខភ្នំពេញ 2I-4586។
ជនសង្ស័យ ២ នាក់រួមមាន ១-ឈ្មោះ លី អេ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ បុខរបរមិនពិត និង២-ឈ្មោះ ម៉ៅ ភឹម ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ។ អ្នកទាំងពីមានទីលំនៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។វត្ថុតាងចាប់យក រថយន្ដមួយគ្រឿងម៉ាកKIA TITANពណ៌ខៀវ ផលិតឆ្នាំ1994 ពាក់ស្លាកលេខភ្នំពេញ2I-4586, ម៉ូតូកង់បី ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1HG-8640 និង ៣-កង់ពណ៌ក្រហម ដៃត្រង់១គ្រឿង។
ប៉ូលិសបន្តថា ដំបូងជនសង្ស័យទាំង២នាក់បានទៅលួចម៉ូតូកង់បី មួយគ្រឿងពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ1HG-8640របស់គេដែកចតចោលនៅចិញ្ចើមផ្លូវម្ដុំពេទ្យរបេង ហើយលើកកង់ដាក់លើម៉ូតូកង់បី ជិះមកស្រុកកៀនស្វាយ ដោយទុកម៉ូតូរ៉ឺម៉កចំហៀងលក់មីឆានៅទីនោះ។
លុះពេលពួកគេមកដល់ស្រុកកៀនស្វាយនៅវេលាម៉ោង០១ និង២០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅឃុំឈើទាល ម៉ូតូកង់បី ក៏ខូចបន្ទាប់មកបានទុកម៉ូតូកង់បីចោល រួចយកកង់ជិះជាមួយឈ្មោះម៉ៅ ភឹម មកលួចរថយន្ដគេមួយគ្រឿងម៉ាកKIA TITAN ពណ៌ខៀវ ផលិតឆ្នាំ១៩៩៤ ពាក់ស្លាកលេខ ភ្នំពេញ2I-4586បើកគេចខ្លួនមកខាងខេត្តព្រៃវែង។
ប៉ូលិសបន្តថា បន្ទាប់មកជនរងគ្រោះបានប្ដឹងដល់ប៉ូលិសប៉ុស្តិ៍ឈើទាល ,ក្រោយពីទទួលបានបណ្ដឹងកម្លាំងប៉ូលិសប៉ុស្តិ៍ឈើទាល សហការជាមួយកម្លាំងប៉ូលិសយុត្តិធម៌ស្រុកកៀនស្វាយចុះដល់កន្លែងកើតហេតុស្រាវជ្រាវរកមុខសញ្ញាតែរកមិនឃើញ និងកំណត់អត្តសញ្ញាណមិនទាន់បាន។
លុះដល់វេលាម៉ោង២និង០៥នាទីរសៀល ថ្ងៃ ខែ ឆ្នាំដដែលទើបកម្លាំងប៉ូលិសយុត្តិធម៌ស្រុកព្រះស្តេច ខេត្តព្រៃវែង ចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ លី អេ ភេទប្រុស ខាងលើបាន រួចបានប្រគល់មកឱ្យប៉ូលិសយុត្តិធម៌ស្រុកកៀនស្វាយ ដើម្បីសាកសួរបន្ត ,ឯឈ្មោះ ម៉ៅ ភឹម បានរត់គេចខ្លួនបាត់ ។
នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យបានសារភាពថា«ខ្លួននិង ឈ្មោះម៉ៅ ភឹម ពិតជាបាននាំគ្នាធ្វើសកម្មភាពលួចរថយន្តម៉ាក KIA TITAN ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2I-4586 ប្រាកដមែន រួចបើករត់មកខាងខេត្តព្រៃវែង»។
ជនសង្ស័យបន្តថា កន្លងមកខ្លួនបានធ្វើសកម្មភាពលួចបានសម្រេច៤ គឺលើកទី១-លួចបានទូរសព្ទដៃ១គ្រឿង ម៉ាក iPhone 5 ពណ៌ស ប្រព្រឹត្តនៅខេត្តមណ្ឌលគីរី , លើកទី២-លួចបានទូរសព្ទដៃម៉ាក iPhone 6 ពណ៌ទឹកប្រាក់ ប្រព្រឹត្តនៅស្រុកបានលុង ខេត្តរតន:គីរី, លើកទី ៣-លួចបានទូរសព្ទដៃមួយគ្រឿងម៉ាក SAMSUNG ពណ៌ក្រហម ប្រព្រឹត្តនៅនៅផ្ទះទឹក១០០ខ្នង ខេត្តត្បូងឃ្មុំ, លើកទី ៤-លួចបានម៉ូតូសណ្តោងរឺម៉ក ចំនួន ០១ គ្រឿង ប្រព្រឹត្តនៅព្រៃទា ក្រុងភ្នំពេញនិងលើកទី ៥-លួចបានរថយន្តចំនួន០១ គ្រឿង ម៉ាកKIA TITAN ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2I-4586 នៅចំណុចភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន។
បន្ទាប់សមត្ថកិច្ចបន្ត ឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ៅ ភឹម នៅចំណុចភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បញ្ជូនមកកាន់អធិការដ្ឋានស្រុកកៀនស្វាយដើម្បីសាកសួរ និង បន្តចាត់ការតាមនីតិវិធី៕