កណ្តាល ៖ ជនសង្ស័យ២នាក់ដែលទិញថ្នាំញៀននៅម្តុំសង្កាត់ចាក់អង្រែលើម្តងៗ៤លានរៀល ត្រូវបានប៉ូលិសឃាត់ខ្លួន ខណៈកំពុងឈរលក់ថ្នាំញៀន នៅចំណុចភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី ០២ សីហា ឆ្នាំ២០២២ វេលាម៉ោង៤និង៥០នាទីល្ងាច ។
ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះអ៊ុច ណារ៉ុង ហៅថេន ភេទប្រុស អាយុ៣៥ ឆ្នាំជនជាតិខ្មែរ មុខរបរលក់ថ្នាំញៀន មានទីលំនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ស្នាក់នៅផ្ទះជួល ភូមិអង្គរជយ័ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មានសារធាតុញៀន ក្នុងទឹកនោម(ធ្លាប់ជាប់ពន្ធនាគារ)និង ២-ឈ្មោះប៉ាត់ រាត្រី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិត មានសារធាតុញៀនក្នុងទឹកនោម ។
វត្ថុតាងចាប់យករួមមាន ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៣កញ្ចប់ (មធ្យម០២កញ្ចប់,ធំ០១កញ្ចប់) ទម្ងន់(៣,៧២ ក្រាម),២-ជញ្ជីងថ្លឹងថ្នាំញៀនចំនួនមួយ និង ៣-សម្ភារវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន។
ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ សហការជាមួយកម្លាំងប៉ូលិសជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុក ចុះល្បាតគោលដៅងាយរងគ្រោះក៏ប្រទះឃើញជនសង្ស័យ ឈ្មោះ ប៉ាត់ រាត្រី កំពុងឈរ នៅរោងកាត់សក់ ស្ថិតនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ច បានឃាត់សួរនាំ ហើយឆែកឆេរ រកឃើញថ្នាំញៀន ចំនួន០២កញ្ចប់ (ធំ០១ មធ្យម០១) ដែលជនសង្ស័យដាក់ក្នុងហោប៉ាវខោ ។
ភ្លាមនោះសមត្ថកិច្ចបានសួរនាំ ឈ្មោះ ប៉ាត់ រាត្រី ហើយជនសង្ស័យបានសារភាពថា «ថ្នាំញៀនចំនួន០២កញ្ចប់ ខាងលើនេះ ជារបស់ ឈ្មោះ អ៊ុច ណារ៉ុង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំញៀន មានទីលំនៅ ផ្ទះជួល ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ផ្ញើលក់ឱ្យគេ»។
ក្រោយបានចម្លើយសារភាព របស់ឈ្មោះ ប៉ាត់ រាត្រី រួចកម្លាំងសមត្ថកិច្ចបានបន្ត ទៅឃាត់ខ្លួនឈ្មោះ អ៊ុច ណារ៉ុង ហៅថេន ស្ថិតនៅភូមិ អង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បានម្នាក់ទៀត ហើយដកហូតបានថ្នាំញៀនចំនួន០១កញ្ចប់ថែមទៀត រួចសមត្ថកិច្ចបាន នាំខ្លួនជនសង្ស័យទាំង០២នាក់មកប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យបានសារភាពថា«ថ្នាំញៀនចំនួន០៣កញ្ចប់ (មធ្យម០២ ធំ០១) ខាងលើពិតជារបស់ពួកខ្លួនប្រាកដមែន»,ឈ្មោះ អ៊ុច ណារ៉ុង ហៅថេន បានសារភាពទៀតថា «ថ្នាំញៀនដែលខ្លនទិញមកលក់ គឺទិញពីមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះ អាយុប្រហែល ៣៥ឆ្នាំ ជនជាតិខ្មែរ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទិញម្តងៗ ចំនួន១ខាំ តម្លៃ៤លានរៀល»។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់និងវត្ថុតាងបានបញ្ចូនទៅអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី៕ដោយ ភាវុន