នាយករដ្ឋមន្រ្តី ៖ ត្រូវធ្វើមន្ត្រីជើងពីរ មិនត្រូវធ្វើមន្ត្រីជើង១០នោះឡើយ

ភ្នំពេញ : នេះជាយុទ្ធសាស្រ្តថ្មីមួយទៀតសម្រាប់រដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ផ្ដើម ធ្វើវេទិការតាមភ្លឺស្រែជាមួយប្រជាជន ។ នេះបើតាមការលើកឡើងពីនាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ ។

យោងតាមសំណេរដែលបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃអង្គារ ទី២ សីហា ថា ពេលនោះការពិភាក្សាផ្តោតសំខាន់លើការដោះស្រាយទឹក ការប្រើប្រាស់ពូជការប្រើប្រាស់ដី ជី ថ្នាំសម្លាប់សត្វល្អិត ការបែងចែកតំបន់ដាំដុះ ការចិញ្ចឹមត្រីនិងសត្វ។ល។

សំណេរដដែលបានបញ្ជាក់ថា « ការឆ្លងឆ្លើយរវាងប្រជាជននិងនាយករដ្ឋមន្ត្រីបានធ្វើឱ្យវេទិការ មានជោគជ័យ ដែលយើងបានដោះស្រាយសំណូមពររបស់ប្រជាជនមិនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេ តែយើងបានដោះស្រាយសាលារៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹកវត្តអារាម។ល។បានយ៉ាងច្រើនទៀតផង » ។

បើតាមសម្ដេចតេជោ « ពីប្រទេសដែលខ្វះស្រូវប្រម៉ាន១លាន តោននាទសវត្សរ៍១៩៩០និងដើមឆ្នាំ២០០០ ពេលនេះយើងសល់ស្រូវជាង៦លានតោនជាមួយដំណាំកសិកម្មផ្សេងទៀតមានការរីកចំរើនយ៉ាងខ្លាំងដែលធ្វើឱ្យយើងដោះស្រាយបានតម្រូវការក្នុងស្រុកនិងការនាំចេញផងដែរ » ។ វេទិការតាមវាលស្រែ ធ្វើមិនតិចជាង១០ដងនោះទេដែលមាន នៅខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោសាត់ កំពង់ធំ។

សម្ដេចនាយករដ្ឋមន្រ្តី បានបន្ថែមខ្លឹមសារថា « កូនស្រីច្បងរបស់ខ្ញុំមានទម្លាប់ដើរតាមឪពុកតាំងពីតូច គេធ្លាប់ទៅតាមខ្ញុំបាន ប៉ុន្មានកន្លែងដែរក្នុងវេទិការតាមភ្លឺស្រែនេះ » ។ ស្តាប់ប្រជាជននិយាយទទួលដោះស្រាយសំណូមពរសមហេតុ សមផលរបស់ប្រជាជនទើបយើងរៀបចំគោលនយោបាយបានត្រឹមត្រូវ។ « ត្រូវធ្វើមន្ត្រីជើងពីរ មិនត្រូវធ្វើមន្ត្រីជើង១០នោះឡើយ និងត្រូវរត់ទៅរកការងារធ្វើ កុំរងចាំការងាររត់មករកយើង » ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *