កំពង់ចាម៖លោក យឹម ឆៃលី បានណែនាំដល់ថ្នាក់ដឹកនាំ គណបក្សឃុំ និងបក្សភូមិ ត្រូវមានឆន្ទៈស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់លើ ការទទួលខុសត្រូវ របស់ខ្លួន ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជា ពលរដ្ឋ ព្រមទាំងរៀបចំវិធានការ ស្វ័យតាមដានការងាររបស់ខ្លួន។ ហេីយត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាព លើការលុបបំបាត់ ភាពអសកម្មនានា ឲ្យដូចភ្លៀងរលឹម។ លេីសពី នោះ ត្រូវបន្តថែរក្សា សមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ដែលមាននៅក្នុង មូលដ្ឋាន និងលើកទឹកចិត្ត ពង្រឹងពង្រីក ការចូលរួមរបស់ ប្រជា ពលរដ្ឋ ក្នុងការថែទាំសមិទ្ធផលផងដែរ ។
លោកយឹម ឆៃលី ក៏បានថ្លែងប្រាប់ដល់ មន្ត្រី បក្ស ទាំងអស់ ឲ្យបេីក វេទិកា សាធារណៈ ក្នុង មូលដ្ឋាន របស់ ខ្លួន ដេីម្បី ឲ្យ បាន ដឹង ថា ប្រជាពលរដ្ឋ ខ្វះខាត អ្វី និងត្រូវ ការ អ្វី ហេីយយើង ត្រូវ ដោះស្រាយ ជូន គាត់ ។ លេីសពី នោះ ត្រូវ បន្តជំរុញ និងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព គឺ ត្រូវ ខិតខំលើកកម្ពស់ អភិបាលកិច្ច ធានា ការផ្តល់សេវាសាធារណៈ ប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាពលរដ្ឋ ជាពិសេស ត្រូវ ពង្រឹង យុត្តិធម៌ និងសមធម៌សង្គម ដោយអនុវត្ត ឲ្យបានម៉ឺងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។ ហើយ ត្រូវដោះស្រាយវិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាពផងដែរ។
លោក យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ក៏បានណែនាំដល់សមាជិក សមាជិការ គណបក្សស្រុកកងមាស ត្រូវ ខិតខំ យកចិត្តទុកដាក់ ធ្វើ ការ ដោះស្រាយ នូវ ការផ្តល់ សេវា សំណូមពរ និង សេវា កាតព្វកិច្ច ជូន ប្រជាពលរដ្ឋ ផងដែរ។
ការ ណែនាំ បែប នេះ ក្នុង កិច្ចប្រជុំផ្សព្វផ្សាយ លទ្ឋផលសន្និបាតគណកម្មាធិកាកណ្តាល វិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នៃស្រុកកងមាស នៅនៅចន្ទនេះដោយ មាន ការ អញ្ជើញ ចូលរួម ពី លោកអ៊ុន ចាន់ដា ប្រធាន គណៈកម្មាធិការ គណបក្សខេត្ត និង ថ្នាក់ដឹកនាំ សមាជិក សមាជិកា បក្ស ជា ច្រើន រូប ទៀត ។
ឆ្លៀតក្នុង ពិធី លោក យឹម ឆៃលី ក៏បានថ្លែងអំណរគុណ ដល់បងប្អូន ប្រជាពលរដ្ឋ ដែលបានរក្សាការជឿទុកចិត្ត និងផ្តល់ការគាំទ្រជារៀងរហូតដល់ សម្ដេចតេជោ និងតែងតែបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ឲ្យមានឱកាសបន្ត បំពេញកាតព្វកិច្ច ក្នុងការបម្រើប្រជាជន ឲ្យកាន់តែមានជីវភាព សម្បូរសប្បាយ និងដឹកនាំអភិវឌ្ឍឃុំ-សង្កាត់ បន្តទៀតពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧៕