ភ្នំពេញ : គិតមកទល់នឹងពេលនេះមានរយៈពេលជិត២០ឆ្នាំហើយ ដែលអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា ACU ត្រូវរាជរដ្ឋាភិបាលបង្កើតឡើង ចាប់តាំងពីឆ្នាំ១៩៩៩ ដល់ឆ្នាំ ២០០៦ ។ រដ្ឋាភិបាលកម្ពុជា តែងចាត់ទុកអំពើពុករលួយ គឺជាឧបសគ្គ នៃការអភិវឌ្ឍសេដ្ឋកិច្ច និតិរដ្ឋ ប្រជាធិបតេយ្យ ស្ថិរភាព សង្គម ហើយក៍ជាមូលដ្ឋានមួយនៃភាពក្រីក្រផងដែរ ។
បើនិយាយពីអង្គភាពប្រឆាំងអំពើពុករលួយ ក្រោមការដឹកនាំពីលោក ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង មន្រ្តីរបស់រដ្ឋាភិបាលមិនតិចនាក់ឡើយត្រូវចាប់ខ្លួននិងផ្ដន្ទាទោស ក្នុងនោះរាប់ទាំងមន្រ្តីធម្មតា និងមន្រ្តីជាន់ខ្ពស់ ។
យោងតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា(ACU) បានបង្ហាញ កាលពីថ្ងៃទី២៩ កក្កដា ថា ថ្មីៗនេះ ACU រកឃើញប្រាក់ពុករលួយ ៨៥ម៉ឺន ៤ពាន់ដុល្លារអាមេរិក ពាក់ព័ន្ធនឹងការទទួលប្រាក់ពីបេក្ខជន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាក្របខណ្ឌមន្ទីរសុខាភិបាលនៅខេត្តក្រចេះ។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី១៤ អាណត្តិទី៣ របស់ខ្លួន ក្រោមវត្តមាន លោក តុប សំ ជាប្រធាន កាលពីរសៀលថ្ងៃទី២៩ កក្កដា លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា ACU បានរកឃើញ ជនល្មើសចំនួន២នាក់ បានទារប្រាក់ពីបេក្ខជនដែលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់នៅក្នុងក្របខណ្ឌមន្ទីរសុខាភិបាលនៅខេត្តក្រចេះ ដែលជន ល្មើសទី១ មានឈ្មោះ ទី ប៊ុនឡេង អតីតជាប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្តក្រចេះ និងទី២មានឈ្មោះ ជាង សុខអេង ជាអតីតអនុប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្តក្រចេះ ត្រូវបានឃាត់ខ្លួន និងចោទប្រកាន់ តាមច្បាប់។ ជនជាប់ ចោទទាំង២នាក់ បានប្រមូលប្រាក់ពីជនរងគ្រោះចំនួន១២៩នាក់ សរុប៨៥ម៉ឺន ៤ពាន់៦៤ ដុល្លារអាមេរិក និង ៧លាន៧៣ម៉ឺន៩០០រៀល។
លោកទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង បានបន្តថា កាលពីថ្ងៃទី១៦ដល់ទី១៨ខែសីហា ឆ្នាំ២០២១ ACU រកឃើញប្រាក់ ៥៦ម៉ឺនដុល្លារ និងប្រាក់រៀល ៣៨ ម៉ឺន៤ពាន់រៀល។ បន្ទាប់ពីឃាត់ខ្លួនជនជាប់ចោទ កាល ពីថ្ងៃទី១៩ខែសីហាឆ្នាំ ២០២១ បញ្ជូនទៅតុលាការ រកឃើញប្រាក់៥៧ម៉ឺន ៤ពាន់៨៦៤ដុល្លារ និងប្រាក់រៀល។ ថ្ងៃទី១៩សីហាដល់១៨កញ្ញា ២០២១ ACU បានប្រគល់ប្រាក់ដល់ជនរងគ្រោះចំនួន៧១នាក់ សរុបទឹកប្រាក់ចំនួន៤៩ម៉ឺន៦ពាន់៧០០ដុល្លារ ហើយចាប់ពីថ្ងៃទី១៥ខែកញ្ញាដល់ ១៩ខែតុលា២០២១ បានរកឃើញប្រាក់ចំនួន៧៧ម៉ឺន១ពាន់៨៦៤ដុល្លារទៀត។
លោកទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង បញ្ជាក់ទៀតថាចុងក្រោយ ACU បានរុករកពីថ្ងៃទី០៥ខែមីនា ដល់១២ ឧសភាឆ្នាំ២០២២ រកឃើញប្រាក់ចំនួន ៨៥ម៉ឺន ៤ពាន់ ៦៤ដុល្លារអាមេរិក និងប្រាក់រៀលចំនួន៧លាន ៧៣ ម៉ឺន៩០០រៀល ហើយកាលពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២២ថ្មីៗនេះ ក៍បានប្រគល់ប្រាក់សំណងដល់បេក្ខជនរងគ្រោះចំនួន៤១នាក់ទៀតសរុប២៧ម៉ឺន៤ពាន់២០០ដុល្លារអាមេរិក៕