អ្នកជំនួញម្នាក់នៅក្រុងសៀមរាប ខឹងប្រពន្ធមិននៅផ្ទះ បាញ់៤គ្រាប់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន

ខេត្តសៀមរាប៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួន លោក សុឹង ប៊ុនណា ដែលជាអ្នកជំនួញមានឥទ្ធិពលម្នាក់នៅក្នុងខេត្តសៀមរាប យកទៅសាកសួរ បន្ទាប់ពីបាញ់បង្អើលមេឃចំនួន៤ គ្រាប់ ដោយសារខឹងនិងប្រពន្ធមិននៅផ្ទះ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២២និង១៦នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ករណីបាញ់បោះសេរីនេះ បង្កឡើងជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ អ្នកជំនួញ នៅភូមិកើតហេតុខាងលើ។ជនសង្ស័យបានបាញ់ឡើងលើ ចំនួន ៤គ្រាប់ កាន់អាវុធម៉ាកK59 លេខ2249 ផលិតនៅ ប្រទេសរុស្សុី ក្រោយពីបាញ់ហើយ ជនសង្ស័យ បានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយ។

សមត្ថកិច្ចបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានហ៊ុព័ទ្ធខាងក្រៅតាំងពីយប់រហូត ដល់ម៉ោង៧និង១០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ ទើបកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលដឹកនាំដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បាននាំខ្លួនឈ្មោះ សុឹង ប៊ុនណា ភ្ជាប់ជាមួយអាវុធK59 មួយដើមបង់២ គ្រាប់៦គ្រាប់ យកទៅស្នងការខេត្តសៀមរាប ដើម្បីមានចំណាត់ការបន្ត។

សមត្ថកិច្ចបង្ហើបថា មូលហេតុនៃការបាញ់បោះសេរីនេះគឺដោយសារតែ លោក សុឹង ប៊ុនណា ខឹងប្រពន្ធមកផ្ទះអាវយឺតកំណត់។

ទោះជាយ៉ាងណាមិនទាន់មានការបំភ្លឺពីភាគីខាងប្រពន្ធ របស់លោក សុឹង ប៊ុនណា នៅឡើយទេ។បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាបកំពុងសួរនាំ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *