ព្រះវិហារ៖នៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា ប្រចាំខែកក្កដា ឆ្នាំ២០២២ និងដាក់ចេញទិសដៅការងារយោធា ប្រចាំខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង និងថ្នាក់ដឹកនាំ ក្នុងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការប្រគល់សេចក្តីសម្រេចតែងតាំងផ្លាស់ប្តូរមុខងារ ជូននាយទាហាន ផងដែរ ។
ឯកឧត្តម មេបញ្ជាការ បានមានមតិផ្តាំផ្ញើរដល់ នាយទាហាន ដែលបានទទួលភារកិច្ចថ្មី ត្រូវធ្វើយ៉ាងណាយកតួនាទីនេះទៅអនុវត្តអោយមានប្រសិទ្ធភាពខ្ពស់ និងជួយដល់អង្គភាពអោយទទួលបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ។ មិនតែប៉ុណ្ណោះ ឯកឧត្ដម បានបញ្ជាក់ទៀតថា យោធិនទាំងអស់ត្រូវចូលរួមការពារបូរណៈភាពទឹកដី ប្រជាពលរដ្ឋ ការពារជាតិ សាសនា និងព្រះមហាក្សត្រ ក៏ដូចជាការពារប្រមុខរាជរដ្ឋាភិបាលដែលបានប្រសូត្រចេញពីការបោះឆ្នោតដោយស្របច្បាប់ផងដែល ជាពិសេសត្រូវជៀសផុតអោយឆ្ងាយពីការប្រើប្រាស់ ឬជួញដូរគ្រឿងញៀន ដែលប្រទេសជាតិស្អប់ខ្ពើម ហើយប្រសិនបើបុគ្គលណាម្នាក់ហ៊ានប្រព្រឹត្ត ពេលអង្គភាពដឹងនិងកាត់ចេញពី ក្របខ័ណ្ឌកងទ័ពដោយស្វាយប្រវត្តិផងដែរ៕