កម្ពុជា វៀតណាម ជំរុញឱ្យបោះបង្គោលព្រំដែនដែលនៅសល់ ១៦ភាគរយទៀត ដើម្បីពង្រីកទំហំពាណិជ្ជកម្ម

ភ្នំពេញ : នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បសនថ្លែងថា កម្ពុជា និងវៀតណាម បានឯកភាពគ្នា ឱ្យបោះបង្គោលព្រំដែនដែលនៅសល់ ១៦ភាគរយទៀត បន្ទាប់ពីប្រទេសទាំងពីរសម្រេចបានការបោះបង្គោលព្រំដែនចំនួន ៨៤ភាគរយ ហើយ ។ ការជំរុញក្នុងជំនួបមេដឹកនាំប្រទេសទាំងពីរ ក្នុងគោលបំណងដើម្បី ឲ្យមានសុខសន្តិភាព មានព្រំដែនស្ថេរភាព បង្ករលក្ខណៈងាយស្រួលដល់ប្រជាជនប្រទេសទាំងពីរទៅមករកគ្នា បំពេញឱ្យគ្នាពិសេស ក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ នេះ យើងប្រែក្លាយការលំបាកទាំងអស់នេះ ឱ្យទៅជាសក្ដានុពល ប្រើឲ្យអស់លទ្ធភាពដែលយើងមាន ដើម្បីពង្រីកនូវទំហំពាណិជ្ជកម្ម អោយបានល្អប្រសើរថែមទៀត ។

ក្រៅពីនោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ក្នុងជំនួបជាមួយ លោក ដុ វ៉ាន់ចៀន គណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងគណៈប្រតិភូ បានរម្លឹកពីដំណើរការឆ្លងកាត់ដងផ្លូវវែងឆ្ងាយដែលបក្ស រណសិរ្សទាំងពីរ បានឆ្លងកាត់ជាមួយគ្នា បានជួយគ្នាទៅវិញទៅមក ពិសេសសម្ដេច រំលឹកពីដំណើរតស៊ូនិងការជួយឧបត្ថម្ភរបស់មិត្តវៀតណាម ក្នុងការជួយរំដោះប្រទេសកម្ពុជា ហើយទប់ស្កាត់ការវិលត្រឡប់របស់របបខ្មែរក្រហម និងការជួយជាបន្តបន្ទាប់ ។

ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ប្រតិភូក្នុងការប្រារព្ធខួបទី ៥៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយជាការផ្លាស់ប្ដូរដំណើរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ។ សម្ដេចតេជោសង្ឃឹមថា ទស្សនកិច្ចនេះ នឹងជួយពង្រឹងថែមទៀតទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ បក្សទាំងពីរ និងរណសិរ្សទាំងពីរ ។

ជាការឆ្លើយតបលោក ដុ វ៉ាន់ចៀន បានសំដែងសេចក្ដីសប្បាយរីករាយ ដែលបានបំពេញទស្សនកិច្ចនាពេលនេះព្រោះជាឱកាសល្អក្នុងការរឹតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ រណសិរ្ស និងបក្ស ហើយដែលក្នុងឱកាសនោះលោក បាននាំនូវការសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម ពីប្រធានបក្ស ពីប្រធានាធិបតី ពីនាយករដ្ឋមន្ត្រីវៀតណាម ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *