បន្លំលួចកាបូបលុយពីអ្នកលក់ផ្លែឈើម្នាក់បានសម្រេច, ប៉ូលិសឃាត់ខ្លួនបាន៤នាក់

 

កណ្តាល ៖ ប៉ូលិសស្រុកលើកដែក សហការជាមួយប៉ូលិសស្រុកកៀនស្វាយ ឃាត់ជនសង្ស័យ៤នាក់(កុមារជាអនីតិជនម្នាក់បានដោះលែង) បន្ទាប់ពីបានធ្វើសកម្មភាពលួចកាបូបលុយពីអ្នកលក់ផ្លែឈើ កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១១និង១០នាទី នៅចំណុចផ្សារអ្នកលឿងត្រើយខាងលិច ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សុខ មុំ ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្លែឈើ  មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។សម្ភារៈបាត់បង់ កាបូបស្ពាយម៉ាកCHIBAOពណ៌ខ្មៅ, លុយខ្មែរ១លានរៀល,ទូរសព្ទ ០២គ្រឿងម៉ាកSamsungចំនួន១គ្រឿងនិងម៉ាកNokiaចំនួន១គ្រឿង។

ចំណែកជនសង្ស័យ៣នាក់និងកុមារាម្នាក់រួមមាន ១-ឈ្មោះ គង់ ទីណាង  ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៣ សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ ,២-ឈ្មោះ គង់ ស្រីល័ក្ខ ហៅសង ស្រីអូន ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ, ៣-ឈ្មោះ នៅ វិត ហៅអាស្វា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកតាសេក ឃុំព្រែកតាសេក ស្រុកមុខកំពូល ខេត្តកណ្តាលនិង ៤-កុមារាសង្ស័យ ឈ្មោះ ជ.ហ ភេទប្រុស មុខរបរសិស្ស មានទីលំនៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ កុមារាសង្ស័យទី៤ ជាអនិតិជន ត្រូវបានលោកព្រះរាជអាជ្ញាអនុញ្ញាតឱ្យអាណាព្យាបាលមកធានាយកទៅអប់រំនៅលំនៅដ្ឋានវិញ។

វត្ថុតាងចាប់យករួមមាន ម៉ូតូចំនួន០២គ្រឿង(ម៉ាកHonda C125ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JN-8244 ជារបស់ជនសង្ស័យឈ្មោះនៅ វិត (អាស្វា)និងម៉ាកScopy ស៊េរីឆ្នាំ២០២២ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1JL- 5343ជារបស់ជនសង្ស័យឈ្មោះគង់ ទីណាង), កាបូបស្ពាយម៉ាកCGពណ៌ខ្មៅរបស់ជនសង្ស័យ,កាបូបស្ពាយម៉ាកCHIBAOពណ៌ខ្មៅរបស់ជនរងគ្រោះ, លុយខ្មែរ ៩២៤,៤០០រៀលរបស់ជនរងគ្រោះនិងទូរស័ព្ទចំនួន០២គ្រឿងរបស់ជនរងគ្រោះ។

ប៉ូលិសបន្តថា ដំបូងជនរងគ្រោះកំពុងលក់ផ្លែឈើនៅផ្សារអ្នកលឿងត្រើយខាងលិច ស្រាប់តែមានបុរសម្នាក់ចូលមកទិញផ្លែឈើ,ខណៈពេលជនរងគ្រោះកំពុងរើសផ្លែឈើ ស្រាប់តែមានអ្នកលក់នំបញ្ចុកក្រឡេកឃើញ បក្សពួកជនសង្ស័យលួចយកកាបូបលុយរបស់ជនរងគ្រោះពីក្រោយហើយក៏ស្រែកឆោឡោថា«មានចោរលួចកាបូបលុយអ្នកលក់ផ្លែឈើបាត់ហើយ»។ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្តិ៍ព្រែកទន្លាប់ កំពុងតែល្បាតក៏បានដេញតាមម៉ូតូជនសង្ស័យពីក្រោយហើយសុំកម្លាំងជំនួយដេញពីក្រោយ។

លុះដល់វេលាម៉ោង១១និង៤០នាទីកម្លាំងប៉ូលិសស្រុកកៀនស្វាយ បានឃាត់ជនសង្ស័យ៣នាក់និងកុមារាសង្ស័យម្នាក់ នៅលើផ្លូវជាតិលេខ១ស្ថិតនៅមុខក្លោងទ្វារចូលវត្តអង្គរជ័យ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ បន្ទាប់មកកម្លាំងប៉ូលិសស្រុកលើកដែក បានទៅទទួលជនសង្ស័យនិងវត្ថុតាងយកមកអធិការដ្ឋានស្រុកលើកដែក ដើម្បីបន្តនីតិវីធី៕ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *