ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២២ របស់ គ.ខ.ប.ជ

ខេត្តស្វាយរៀង៖នៅថ្ងៃព្រហស្បតិ៍១៥  រោច  ខែអាសាឍ  ឆ្នាំខាល  ចត្វាស័ក  ព.ស២៥៦៦  ត្រូវនឹងថ្ងៃទី២៨  ខែកក្កដា  ឆ្នាំ២០២២នេះ  ឯកឧត្តម  ម៉ែន  វិបុល  អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង  និងជាប្រធានគណៈកម្មាធិការប្រឆាំងអំពេីជួញដូរមនុស្ស បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សប្រចាំឆមាសទី១  និងទិសដៅបន្តឆមាសទី២  ឆ្នាំ២០២២  របស់  គ.ខ.ប.ជ។ អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំនេះមាន  លោកព្រះរាជអាជ្ញារង  លោក  លោកស្រី  ឧត្តមសេណីយ៍  វរសេណីយ៍  តំណាងកងកម្លាំងទាំងបី  លោក  លោកស្រី  ប្រធានមន្ទីរ -អង្គភាព  លោក  លោកស្រីអភិបាលរងក្រុង- ស្រុក  តំណាងអង្គការដៃគូពាក់ព័ន្ធ  ក្រុមការងារទាំង៦  និងសមាជិក  សមាជិកា  ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតសរុបវត្តមមាន៥៧នាក់។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ  ឯកឧត្តមអភិបាលខេត្ត  និងជាប្រធានគណៈកម្មាធិការប្រឆាំងអំពេីជួញដូរមនុស្ស   បានថ្លែងនូវការអរគុណចំពោះលេខាធិការដ្ឋាន គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ដែលបានសហការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់ នេះឡើង នៅថ្ងៃនេះ  ដែលជាឱកាសជួបជុំពាក់កណ្ដាលឆ្នាំដ៏មានសារៈសំខាន់ ដែលអនុញ្ញាតឲ្យយើងទាំងអស់គ្នា បានរួមគ្នាធ្វើការពិនិត្យ វាយតម្លៃកំណត់ពីចំណុចខ្លាំង បញ្ហាប្រឈម លើកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើគ្រប់រូបភាព និងគ្រប់ទម្រង់ដើម្បី ឈានទៅដល់ការដាក់ចេញនូវទិសដៅអនុវត្តឲ្យបានកាន់តែទទួលបានលទ្ធផលជោគជ័យថែមទៀត នាពេលខាងមុខ។

ឯកឧត្តមបន្តថា  ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលនៅតែចាត់ ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាអាទិភាពមួយក្នុងចំណោម អាទិភាពជាច្រើនទៀត សម្រាប់ការលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពសង្គម ។ ទន្ទឹមនេះ  ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាការងារសរុប ជាការងាររួម ដែលទាមទារឲ្យមានការចូលរួមពី គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ  ប្រជាពលរដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិល ទើបការងារ នេះ អាចសម្រេចទៅបានដោយរលូន និងទទួលបានលទ្ធផលជោគជ័យ ។

ជាទីបញ្ចប់  ឯកឧត្តមប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត  មាន ជំនឿ ជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំនេះ ដោយមានការចូលរួមធ្វើបទអន្តរាគមន៍ ពីសំណាក់អង្គភាពពាក់ព័ន្ធផងនោះ នឹងពិតជារួមចំណែកធ្វើឲ្យកិច្ចការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅក្នុងខេត្តមានដំណើរការដោយរលូន មានការចូលរួម កាន់តែទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពលេីការអនុវត្ត ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *