ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អះអាងថា វិស័យឯកជន គឺជាឆ្អឹងខ្នង នៃខឿនសេដ្ឋកិច្ចជាតិ

ភ្នំពេញ÷ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អះអាងថា វិស័យឯកជន គឺជាឆ្អឹងខ្នង នៃខឿនសេដ្ឋកិច្ចជាតិ ដើម្បីចូលរួមចំណែកបង្កើនចំណូលពន្ធរបស់រដ្ឋ និងលើកស្ទួយវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងវិស័យពាក់ព័ន្ធផ្សេងទៀតនៅកម្ពុជា។

ក្នុងឱកាសអញ្ជើញសម្ពោធជាផ្លូវការរោងចក្រផលិតស្រាបៀអ៊ិនធើ-ម៉ាទ្រីដ បេវើរិច (ខេមបូឌា) នៅក្នុងភូមិស្តៅកន្លែង ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក  មណប្រសាសន៍ថា វិស័យឯកជនអាចចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងដោយប្រយោល តាមរយៈបង្កើនចំណូលពន្ធ និងការបង្កើនការវិនិយោគ ដែលអាចបង្កើតការងារជាបន្តបន្ទាប់ និងពង្រឹងភាពប្រកួតប្រជែង ព្រមទាំងលើកកម្ពស់ពិពិធកម្មសេដ្ឋកិច្ចជាតិ។ជាមួយគ្នានេះ ឯកឧត្តមក៏បានសម្តែងនូវការអបអរសាទរចំពោះព្រឹត្តិការណ៍ដ៏វិសេសវិសាលរបស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរិច (ខេមបូឌា) ដែលជាការចូលរួមចំណែកជំរុញពិពិធកម្ម និងពង្រឹងផលិតកម្មក្នុងស្រុក ដោយអាចបង្កើតការងារបានរហូតដល់ទៅ៥៥០កន្លែងនៅក្នុងរោងចក្រផ្ទាល់ ក៏ដូចជាការចូលរួមចំណែកបង្កើនចំណូលពន្ធរបស់រដ្ឋ និងលើកស្ទួយវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងវិស័យពាក់ព័ន្ធផ្សេងទៀតនៅកម្ពុជា។ ឯកឧត្តមអះអាងថា ព្រឹត្តិការណ៍នេះបានបង្ហាញឲ្យឃើញអំពីសក្តានុពលនៃវិស័យវិនិយោគនៅកម្ពុជា ហើយក៏ជាការគាំទ្រដល់ការបោះជំហានទៅមុខ នៃចក្ខុវិស័យក្នុងការជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពី «ឧស្សាហកម្មអតិពលកម្ម» ឈានទៅជា «ឧស្សាហកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យា» ដូចមានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល។

លោកជំទាវ ឧកញ៉ា សុខ សុភាព អគ្គនាយិកា ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) បានលើកឡើងថា ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) ជាក្រុមហ៊ុនដែលបង្កើតឡើងដោយវិនិយោគិនខ្មែរ100% ក្រោមទឹកប្រាក់វិនិយោគសរុបចំនួន 78លានដុល្លាសហរដ្ឋអាមេរិក។ រោងចក្រដ៏ធំអស្ចារ្យមួយនេះ ចាប់ផ្ដើមសាងសង់កាលពីខែកក្កដា ឆ្នាំ2020 លើផ្ទៃដី15ហិចតា និងមានសមត្ថភាពផលិតស្រាបៀរបានចំនួន 500,000ហិចតូលីត្រ ឬ ស្មើរនឹង6,500,000កេសក្នុងមួយឆ្នាំៗ ព្រមទាំងអាចរួមចំណែកជាមួយរាជរដ្ឋាភិបាលបង្កើតការងារដល់យុវជនកម្ពុជាយើងចំនួន 550កន្លែងផងដែរ។ រោងចក្រសា្របៀរ របស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) ដ៏ធំនិងទំនើបដែលយើងបានឃើញនៅទីនេះត្រូវបានបំពាក់ដោយម៉ាស៊ីនផលិតស្រាបៀរបច្ចេកវិទ្យា ទំនើបចុង ក្រោយ បំផុត ពី អឺរ៉ុប ដែលជាប្រទេសមានភាពល្បីល្បាញលើវិស័យផលិតស្រាបៀរលំដាប់ពិភពលោក។ ពិសេសជាងនេះទៀត រោងចក្រស្រាបៀរអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) មានអ្នកជំនាញផលិតដែលមានបទពិសោធខ្ពស់ រួមផ្សំនឹងសម្រិតសម្រាំងគ្រឿងផ្សំផលិតប្រកបដោយគុណភាពខ្ពស់ ដែលនឹងផ្ដល់នូវរសជាតិដ៏មហស្ចារ្យនិងទទួលបានភាពរីករាយលើសគេដល់អ្នកពិសាស្រាបៀរជាក់ជាមិនខានឡើយ។

គួរបញ្ជាក់ថាចាប់តាំងពីគម្រោងវិនិយោគដ៏ធំមួយនេះទទួលបានការអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅឆ្នាំ២០២០ ដំណើរការសាងសង់រោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា)បានធ្វើឡើងយ៉ាងសកម្មដោយភាពជឿជាក់និងទុកចិត្តខ្ពស់បំផុត ទោះក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាយើងកំពុងឆ្លងកាត់ការរីករាលដាលនៃរោគរាតត្បាតកូវីដ១៩ ក៏ដោយ។ ការណ៍នេះ បានកើតឡើងពីភាពជឿជាក់ និងទំនុកចិត្តខ្ពស់បំផុតរបស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច(ខេមបូឌា) លើការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យកម្ពុជាអាចយកឈ្នះបានលើសមរភូមិប្រយុទ្ធប្រឆាំងរោគរាតត្បាតកូវីដ១៩ យ៉ាងពិតប្រាកដ។

ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) នឹងផ្តើមដំណើរការផលិតស្រាបៀរចំនួនពីរប្រភេទមុនគេ គឺ ស្រាបៀរ ម៉ាទ្រីដ និង ស្រាបៀរ ឡឺ ស្កុទី។ ការយកចិត្តទុកដាក់ខ្ពស់លើប្រព័ន្ធសុវត្ថិភាព សុខភាព    អនាម័យយ៉ាងល្អឥខ្ចោះកម្រិតស្ដង់ដាអន្តរជាតិ និង ប្រព័ន្ធត្រួតពិនិត្យគុណភាពដែលប្រតិបត្តិដោយក្រុមការងារជំនាញច្បាស់លាស់ពីមន្ទីពិសោធន៍ចាប់តាំងពីដំណាក់កាលដំបូងរហូតដល់ចេញជាផលិត ផលសម្រេច នឹងធ្វើឱ្យអ្នកពិសាទទួលបាននូវបទពិសោធថ្មីនៃរសជាតិស្រាបៀរដ៏ឆ្ងាញ់ប្លែក ស្រាល ស្រទន់ និងភាពរីករាយមិនអាចបំភ្លេចបាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *