ពលករខ្មែរម្នាក់គេចវេសការធ្វើចត្តាឡីសក័ លួចឆ្លងដែនចូលតាមចំការមីន ផ្ទុះមីនដាច់ជើងម្ខាង

បន្ទាយមានជ័យ : កម្លាំងនគរបាលវរសនាតូចការពារព្រំដែនគោក៩១១នៃខេត្តបន្ទាយមានជ័យបានធ្វើការដឹកបញ្ជូនបុរសម្នាក់ទៅកាន់មន្ទីរពេទ្យបង្អែកដើម្បីជួយសង្គ្រោះបន្ទាន់ខណៈដែលរងគ្រោះដោយជាន់មីន។ ហេតុការណ៍ជួយសង្គ្រោះធ្វើឡើងនៅវេលម៉ោង១៩និង៣០នាទីយប់ថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២១នៅចំនុចព្រៃចំការមីនតំបន់ព្រំដែនមិនទាន់ច្បាស់លាស់ មុខគោលដៅដើមផ្ចឹក នៃប៉ុស្តិ៍ដើមកកោះ ភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

មន្ត្រីនគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែន៩១១លោក រស់ ពិសិដ្ឋ បានអោយដឹងថា នៅវេលាយប់កើតហេតុគេបានលឺសំឡេងផ្ទុះយ៉ាងខ្លាំងចេញពីចំនុចចំការមីន ដោយសន្និដ្ឋានថាប្រាកដជាមានអ្នកដើរជាន់មីននៅទីនោះហើយ។ភ្លាមនោះកម្លាំងជំនាញរបស់វរៈ៩១១មួយក្រុមក៏បានចេញអន្តរាគមន៍ដោយចូលទៅរកចំនុចដែលរងការផ្ទុះនោះហើយក៏បានប្រទះឃើញបុរសម្នាក់ដេកដួលនៅកន្លែងកើតហេតុ ។ ជនរងគ្រោះដែលសង្គ្រោះចេញពីចំការមីនមានឈ្មោះ យឿន រ៉ន ភេទប្រុស  អាយុ៣៣ឆ្នាំ  មុខរបរជាកម្មករនៅប្រទេសថៃ  មានទីលំនៅភូមិកើតហេតុខាងលើ។

យោងតាមសម្តីមន្ត្រីនគរបាលដដែលបានបញ្ជាក់អោយដឹងថា បុរសរងគ្រោះបានលួចឆ្លងដែនចេញពីប្រទេសថៃចូលមកកម្ពុជាវិញដោយគេចវេសចេញពីកម្លាំងការពារដែលឈរជើងតាមបន្ទាត់ព្រំដែន ហើយក៏ដើរកាត់ព្រៃចំការមីនជាន់ផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរដាច់ជើងខាងស្តាំ ។

លោកវសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែន៩១១ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងផ្ទាល់ចុះជួយសង្គ្រោះយកជនរងគ្រោះចេញពីព្រៃចំការមីន   រួចយករថយន្តស៊ីរ៉ែនដឹកជនរងគ្រោះ  បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត(ដីថ្មី) ដើម្បីសង្គ្រោះបន្ទាន់ ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានលើកឡើងថាហេតុការណ៍គ្រោះថ្នាក់នេះគឺបណ្តាលមកពីការគេចវេសនៃការធ្វើចត្តាឡីស័ក១៤ថ្ងៃនិងគេចពីកម្លាំងសមត្ថកិច្ចឈរជើងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ទើបបណ្តាលអោយរងគ្រោះដូច្នេះ។លោកអំពាវសុំអោយបងប្អូនកុំបន្តគេចវេសហើយចូលខ្លួនមកធ្វើចត្តាឡីស័កទាំងអស់គ្នាដើម្បីប្រទេសជាតិ សហគមន៍និងគ្រួសារយើងមិនមានការរីករាលដាលជម្ងឺកូវិដ១៩។SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *