ផ្ទុះមីនតោនសេសសល់ពីជំនាន់សង្រ្គាម បណ្តាលអោយមនុស្ស២នាក់រងរបួសនិងគ្រឿងចក្ររងការខូចខាតពេលកំពុងជីកស្រះ

ឧត្តរមានជ័យៈ  យ៉ាងហោចណាស់បុរស២នាក់តៃកុងអេស្កាវ៉ាទ័រនិងម្ចាស់ស្រះ បានរងរបួសធ្ងន់ស្រាល ត្រូវបានគេបញ្ជូនទៅសង្រ្គោះភ្លាមៗនៅឯមន្ទីរពេទ្យ ចំណែកគ្រឿងចក្រមួយគ្រឿងបានរងការខូចខាត ក្នុងហេតុការណ៍ផ្ទុះមីនតោនកាលពីយប់ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២១ ស្ថិតក្នុងភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បើតាមការអោយដឹងពីមន្ត្រីនគរបាលស្រុកអន្លង់វែងបានថ្លែងប្រាប់អោយដឹងនៅព្រឹកថ្ងៃទី១៤ខែកុម្ភះឆ្នាំ២០២១នេះថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកគ្រឿងចក្រមួយគ្រឿងប្រភេទអេស្កាវ៉ាទ័រស៊ីឈ្នួលជីកស្រះអោយគេ ស្របពេលដែលកំពុងបញ្ជាគ្រឿងចក្រកាយដី ស្រាប់គ្រឿងចក្របានកិនចំពីលើមីនតោនធ្វើអោយផ្ទុះកក្រើកឡើងសំលេងពេញមេឃ បណ្តាលអោយអ្នកបើកបរគ្រឿងចក្រនិងម្ចាស់ស្រះដែលកំពុងឈរមើលរងរបួស ។ ភ្លាមៗនោះត្រូវបានគេបញ្ជូនទៅធ្វើការសង្រ្គោះនៅឯមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ចំណែកគ្រឿងចក្រម៉ាកអេស្កាវ៉ាទ័របានដាច់ច្រវ៉ាក់រងការខូចខាតធ្ងន់ធ្ងរ។

មន្ត្រីនគរបាលបានបញ្ជាក់អោយដឹងទៀតថា ជនរងគ្រោះជាអ្នកបើកគ្រឿងចក្រមានឈ្មោះ លេខ ឡី ភេទប្រុសអាយុ១៦ឆ្នាំ រស់នៅភូមិរលំស្វាយ ឃុំជន្លាសដៃ ខេត្តសៀមរាប រងរបួសស្រាល ចំណែកម្ចាស់ស្រះឈ្មោះស៊ុម តង ភេទប្រុសអោយុ៤២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ រងរបួសកំភួនដៃនិងត្រូវអំបែងតូចៗពេញខ្លួន បច្ចុប្បន្នអ្នករងគ្រោះទាំងពីនាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *