អាជ្ញាធរក្រុងបាវិតប្រើវិធានការក្ដៅចុះរៀបចំសណ្ដាប់ធ្នាប់និងរុះរើសំយាបស្លាកយីហោលែងយោគយល់ជាមួយក្រុមអាជីវករមួយចំនួនដែលលក់ដូររំលោភយកចំណីផ្លូវរដ្ឋ

ខេត្តស្វាយរៀង៖ លោក វណ្ណ  សុមុន្នី អភិបាលរងក្រុងបាវិត នៅរសៀលថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២២នេះបានដឹកនាំកម្លាំងចម្រុះមាន ចៅសង្កាត់បាវិត កម្លាំងនគរបាលក្រុង  កម្លាំងប្រជាការពារភូមិ និងមន្ត្រីរដ្ឋបាលសាលាក្រុងបាវិតជាច្រើននាក់បានបន្តអនុវត្តប្រើវិធានការក្ដៅដោយបានចុះរៀបចំសណ្ដាប់ធ្នាប់និង រុះរើ ស្លាកយីហោ  សំយ៉ាប ឈប់យោគយល់ទៅលើក្រុមអាជីវករលក់ដូរមួយចំនួនដែលនៅតែរំលោភយកចំណីផ្លូវរដ្ឋតាមបណ្តោយផ្លូវជាតិលេខ១ស្ថិតក្នុងសង្កាត់បាវិតក្រុងបាវិតដែលនៅតែបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ សោភ័ណ្ឌភាព និងមានការកកស្ទះចរាចរណ៍។

លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិតបានមានប្រសាសន៍ថា៖ ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុងបាវិតនៅថ្ងៃនេះលោកបានដឹកនាំកម្លាំងចុះអនុវត្តរៀបចំសណ្ដាប់ធ្នាប់ដោយប្រើវិធានការក្ដៅទៅលើក្រុមអាជីវករមួយចំនួនដែលលក់ដូររំលោភយកចំណីផ្លូវសាធារណៈបង្កការកកស្ទះចរាចរណ៍ បន្ទាប់ពីបានណែនាំជាច្រើនលើកច្រើនសានៅតែរឹងទទឹងរឹងរូស ដោយមិនព្រមអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុងបាវិតនោះឡើយ។

លោកបានបន្ថែមថាៈនាពេលកន្លងមក រដ្ឋបាលក្រុងបាវិតបានចេញសេចក្ដីជូនដំណឹងជាច្រើនលើកច្រើនសារក៏ដូចជាតាមរយៈការចាក់មេក្រូ  ធ្វើលិខិតដាស់តឿនជាលាយលក្ខណ៍អក្សរនិងគ្រប់មធ្យោបាយផ្សេងៗដោយបញ្ជ្រាបការយល់ដឹងដល់បងប្អូនអាជីវករឱ្យចូលរួមសហការជាមួយរដ្ឋបាលក្រុងផងដែរ។ ចំពោះការចុះអនុវត្តរបស់រដ្ឋបាលក្រុងបាវិតនាពេលនេះគឺធ្វដើម្បីផលប្រយោជន៍រួម មិនមែនដើម្បីបុគ្គលណាមួយនោះទេ។  ក្នុងនាមជាអាជ្ញាធរគឺមានតួនាទីភារកិច្ចសម្រាប់រៀបចំសណ្ដាប់ធ្នាប់ដល់បងប្អូនអាជីវករដែលដាក់តាំងទំនិញនានា ដើម្បីថែរក្សាសោភ័ណ្ឌភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍ឱ្យបានល្អ និងធំទូលាយដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិតនិងធ្វើដំណើរពីច្រកទ្វារព្រំដែលទៅរាជធានីភ្នំពេញងាយស្រួលមិនកកស្ទះចរាចរណ៍។

តាងនាមអាជ្ញាធរក្រុងបាវិតលោកអភិបាលរងក្រុងសូមធ្វើការក្រើនរំលឹកដល់បងប្អូនក្រុមអាជីវករសូមចូលរួមសហការនិងអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុងបាវិតក្នុងការរៀបចំសណ្ដាប់ធ្នាប់នេះដោយធុងសំរាមដាក់មានរបៀបរាបរយហើយនៅពេលនេះគឺអាជ្ញាធរចុះបំពេញតាមតួនាទីភារកិច្ចដើម្បីបញ្ជ្រាបដល់បងប្អូនឱ្យមានស្មារតីទទួលខុសត្រូវទាំងអស់គ្នា។

លោកអភិបាលរងក្រុងក៏បានសំណូមពរដល់បងប្អូនក្រុមអាជីវករដែលតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅតាមផ្ទះអមសងខាងផ្លូវជាតិលេខ១ក៏ដូចជាទូទាំងក្នុងក្រុងបាវិតនិងធ្វើសំយ៉ាបផ្ទះលយមកលើចំណីផ្លូវនិងសាងសង់សំណង់ផ្សេងៗត្រូវអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងបាវិត កុំយកផ្លូវសំរាប់ថ្មើជើងធ្វើជាកន្លែងដាក់តាំងលក់ទំនិញ បើធ្វើសំយ៉ាបលយចេញ ត្រូវកាត់ចេញដោយខ្លួនឯងសូមកុំរង់ចាំដល់អាជ្ញាធរចុះអនុវត្តដោយប្រើធម៌ក្ដៅដូចនៅពេលនេះធ្វើឱ្យមានផលប៉ះពាល់ដល់សម្ភារនិងខាតពេលវេលាផលប្រយោជន៍របស់បងប្អូន ហើយបានស្រែកថាអយុត្តិធម៌ អាជ្ញាធរប្រើធម៌ក្ដៅនោះគឺមិនពិតទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *