ព្រះវិហារៈ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីកាត់ ឫសសីមា ព្រះវិហារថ្មី និងសម្ពោធឆ្លង សមិទ្ធផល នានា ក្នុងវត្តប្រវត្តិសាស្ត្រ “វត្តមរតកតេជោបុរីស្វរៈ” ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងចូលរួម អបអរសាទរខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទ ព្រះវិហារ ជា សម្បត្តិបេតិកភណ្ឌពិភព លោក។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរ និងអនុមោទនា ត្រេកអរ ចំពោះការសម្ពោធឆ្លងសំណង់ ព្រះវិហារថ្មី រួមនឹងសមិទ្ធផលនានាជាច្រើន នៅក្នុងវត្ត ប្រវត្តិសាស្ត្រ “វត្តមរតកតេជោបុរីស្វរៈ” ហើយលក្ខណៈពិសេសរបស់ទីអារាមនេះ គឺស្ថិតនៅក្នុងតំបន់ ដែលកាលពីអតីតកាល គឺជាតំបន់គ្មានប្រជាជនរស់នៅ, គ្មានហេដ្ឋារចនាសម្ព័ន្ធ និងសំបូរទៅដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប៉ុន្តែសព្វថ្ងៃ មានវត្តអារាម, សាលារៀន, មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាច្រើនទៀត បម្រើឱ្យសេចក្តីត្រូវការក្នុង ជីវភាព ប្រចាំថ្ងៃរបស់ប្រជាជន ក៏ដូចជាផ្នែកមួយនៃការការពារនូវកេរដំណែលបេតិកភណ្ឌវប្បធម៌ខ្មែរ ដែល មានតម្លៃលេចធ្លោជាសកល ព្រមជាមួយនឹងការបង្កើតនូវសុខដុមនីយកម្មរវាងប្រាសាទបុរាណ បរិស្ថាន និងសហគមន៍ប្រជាពលរដ្ឋ។
ពិធីនេះ ក៏ប្រព្រឹត្តិទៅស្របពេលនឹងការប្រារព្ធពិធីអបអរសាទរខួបលើកទី១៤ នៃការចុះបញ្ជី ប្រាសាទ ព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភព លោកដូច្នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមយក ឱកាសនេះ សម្តែង នូវការគោរព ដឹងគុណថ្វាយ ចំពោះដួងព្រះវិញ្ញាណក្ខន្ធរបស់អតីត ព្រះមហាក្សត្រខ្មែរ គ្រប់ព្រះអង្គ ដែលបានកសាងនិងបន្សល់ទុកនូវស្នាដៃជាប្រវត្តិសាស្ត្រ ដ៏ច្រើន អនេក និងថ្វាយចំពោះ សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបាន បំពេញព្រះរាជបូនីយកិច្ចតស៊ូទាមទាររហូតឈ្នះក្តីនៅតុលាការអន្តរជាតិទីក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ព្រមទាំងគោរពជូនចំពោះវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន ដែល បានចូលរួមចំណែកដ៏ធំធេងក្នុងដំណើរការនៃការដាក់ បញ្ចូល ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នៅ បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគោល ការណ៍ ការពារ បូរណភាពទឹកដី ដោយមិនឱ្យបាត់បង់សូម្បី ១ មីលីម៉ែត្រ ហើយក៏មិនរំលោភបំពាន ប្រទេស ជិតខាងសូម្បី ១ មីលីម៉ែត្រដូចគ្នា និងប្តេជ្ញាធានាការបន្តអភិវឌ្ឍន៍ នៅតំបន់ព្រំដែន និង កែប្រែតំបន់អតីតសមរភូមិឱ្យប្រែក្លាយជាតំបន់ពោរពេញដោយសុខសន្តិភាព ស្ថិរភាព និងកំណើន សេដ្ឋកិច្ច។ សម្តេចតេជោ នឹងនៅបន្តដឹកនាំធានា ការពារដាច់ខាតនូវបូរណភាពរបស់ ប្រាសាទ ព្រះវិហារ និងតំបន់ជុំវិញ ដែលជាកេរដំណែលវប្បធម៌ប្រវត្តិសាស្ត្រ ព្រមជាមួយនឹងការបន្តខិតខំ ថែរក្សា អភិរក្សស្របតាមបទដ្ឋានបច្ចេកទេសរបស់អង្គការ UNESCO។
ក្នុងទស្សនវិស័យប្រកបដោយយុទ្ធសាស្ត្រនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបើកឱកាស ឱ្យ ប្រជាពលរដ្ឋ រស់នៅតាមតំបន់ព្រំដែន បង្កើតជាភូមិឋានដោយបានរៀបចំជាតំបន់អភិវឌ្ឍន៍ ដែល មានការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន វត្តអារាម ផ្សារលក់ដូរ និងប្រព័ន្ធទឹកភ្លើង ដើម្បី សម្រួលដល់ជីវភាពរបស់ប្រជាជន ហើយស្ថានភាពនៃការអភិវឌ្ឍនៅតាមតំបន់ព្រំដែន បែបនេះ ក៏បានដើរតួនាទីមួយយ៉ាងសំខាន់ផងដែរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនង ល្អរវាងប្រជាជន និងប្រជាជននៅជាប់តំបន់ព្រំដែនឱ្យបានស្និទ្ធស្នាល តាម រយៈសកម្មភាព ផ្លាស់ ប្តូរសេដ្ឋកិច្ច វប្បធម៌ និង ទេសចរណ៍ជាដើម។ ពិតណាស់ ការកសាង ពីចំណុច សូន្យដោយបាតដៃទទេ វាគឺជាការលំបាកណាស់ទៅហើយ ប៉ុន្តែការថែរក្សាដើម្បីធានាបាន នូវចីរភាព នៃ សមិទ្ធផលទាំងអស់នោះ គឺកាន់តែលំបាកខ្លាំងបំផុត ដូច្នេះសូមប្រជាជនកម្ពុជា ទាំងនៅក្នុងមូលដ្ឋាននេះ ក៏ដូចជានៅទូទាំងប្រទេស សូមបន្តរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរ ដើម្បីបន្តថែរក្សាការពារជាតិខ្មែរយើងឱ្យបានរីកចម្រើន និងស្ថិតនៅជាអមតៈសម្រាប់អ្នកជំនាន់ ក្រោយតទៅមុខទៀត។
ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍ទៀតថា គោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ជានិច្ចជាកាលគឺឈរលើបុព្វហេតុជាតិ និងប្រជាជន ជាកត្តាអាទិភាពខ្ពស់បំផុត ដូចដែលមាន ស្តែងឡើង តាមរយៈស្នាដៃប្រវត្តិសាស្ត្រជាច្រើន ជាអាទិ៍ ការចូលរួមចំណែកការពារដាច់ខាត នូវ ឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដី, ការផ្តួលរំលំរបបប្រល័យពូជសាសន៍ដែលធ្វើឱ្យ ប្រទេសកម្ពុជាធ្លាក់ដល់ចំណុចសូន្យ និងការចូលរួមស្តារ កសាង និងអភិវឌ្ឍន៍ ជាតិ ទាំង ក្នុង ដំណាក់កាលដ៏លំបាកបំផុត ក៏ដូចជាដំណាកកាលសុខសន្តិភាព ដូចពេលបច្ចុប្បន្ន។ លទ្ធិប្រជាធិបតេយ្យ គឺផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋជាអ្នកកំណត់ជោគវាសនាប្រទេសជាតិ របស់ខ្លួន តាមរយៈការចូលរួមបោះឆ្នោត
ហើយប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង ៨០% បានទៅ ចូលរួម បោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដែលជាសក្ខីភាពបង្ហាញថា កម្ពុជាកំពុង ដើរតាមផ្លូវប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។
ជាពិសេស លទ្ធផល ក៏បានបង្ហាញផងដែរថា ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ បានបន្តផ្តល់ជំនឿ ទុកចិត្ត និងការគោរពស្រឡាញ់គាំទ្រចំពោះ សម្តេចតេជោ និងបានបោះឆ្នោតជូន គណបក្ស ប្រជា ជន កម្ពុជា ឱ្យបន្តភារកិច្ចដឹកនាំនា វាកម្ពុជាឆ្ពោះ ទៅរកវឌ្ឍនភាព និងការរីកចម្រើន ទៅ មុខទៀត៕SKS