ដោយៈ សេង ពិសិដ្ឋ
ព្រះវិហារៈ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ មានការរៀបចំពិធីប្រកាសសមាសភាពសមាជិកក្រុមប្រឹក្សា សង្កាត់កំពង់ប្រណាក ដែលពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម មុត ភិសិទ្ធនាអភិបាលរងខេត្ត ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សា សមាជិកក្រុមប្រឹក្សាក្រុង លោកអភិបាល ក្រុងព្រះវិហារ ចៅសង្កាត់ ចៅសង្កាត់រង ព្រមទាំងសមាជិក សមាជិការយ៉ាងច្រើនផងដែរ។
ក្រោយពីលោក កុក ឈួន ចៅសង្កាត់ទី១ ចាស់បានអានរបាយការណ៍រួចមក លោក សៀង សុទ្ធារដ្ឋ ចៅសង្កាត់កំពង់ប្រណាក ដែលទើបឡើងកាន់តំណែងថ្មី បានធ្វើការប្តេជ្ញាថា ៖ នឹងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណ:នៅមូលដ្ឋាន ឱ្យកាន់តែមានភាពល្អប្រសើរឡើង ដោយអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងរៀបចំការងាររដ្ឋបាលសង្កាត់ និងផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ ឱ្យមាន ប្រសិទ្ធភាព ដើម្បីបម្រើប្រជាពលរដ្ឋពិតប្រាកដ។
លើសពីនេះ លោកចៅសង្កាត់នឹងលើកទឹកចិត្ត ឱ្យមានការចូល រួមពីប្រជាពលរដ្ឋ ឱ្យកាន់តែសកម្មថែមទៀត ក្នុងការគ្រប់គ្រងតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ។
លោកបញ្ជាក់ថា នឹងធ្វើការពង្រឹងយុត្តិធម៌ សមភាពសង្គម លើកកំពស់លិទ្ធិប្រជាធិបតេយ្យ ការ គោរពច្បាប់ ការការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូរជូនប្រជាពលរដ្ឋ។ ប្រឆាំង និងទប់ស្កាត់ការំលោភបំពាន ច្បាប់ អំពើពុករលួយ ការជួញដូរមនុស្ស និងគ្រឿងញៀន ការកាប់បំផ្លាញព្រៃឈើ ការរំលោភដីធ្លី ព្រម ទាំងជម្រុញការដោះស្រាយសម្របសម្រួលវិវាទផ្សេងៗ ក្រៅប្រព័ន្ធតុលាការប្រកបដោយតម្លាភាព យុត្តិធម៌ និងមានប្រសិទ្ធភាពផងដែរ។
ឯកឧត្ដម មុត ភិសិទ្ធនា អភិបាលរងខេត្តព្រះវិហារ ក៏បានណែនាំដល់ចៅសង្កាត់កំពង់ប្រណា ថ្មី សហការជា មួយសមាជិកសមាជិកាឱ្យបានល្អ ដោយត្រូវខិតខំរួបរួមសាមគ្គី មិនត្រូវរើសអើងនិន្នាការនយោបាយណាឡើយ ដើម្បីអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឱ្យមានការរីកចម្រើន។ លើសពីនេះ បើចង់ឱ្យមានការស្រឡាញ់ និងគាំទ្រពីប្រជាពលរដ្ឋ ត្រូវតែបម្រើពួកគាត់ដោយស្មោះត្រង់ចេញពីបេះដូង មិនត្រូវធ្វើខ្លួនជាចៅហ្វាយនាយរបស់រាស្ត្រ គឺត្រូវតែជាមន្ត្រីបម្រើរាស្ត្រ និងមិនធ្វើខ្លួនជាមន្ត្រីជើង១០ឡើយ ពោលគឺ ត្រូវធ្វើជាមន្ត្រីជើង២ ចុះសួរសុខទុក្ខដល់លំនៅដ្ឋានរបស់ពួកគាត់ ទើបទទួលបានការគាំទ្រ និងជោគជ័យ។
ម្យ៉ាងវិញទៀត អត្ថិភាពដំបូង គឺត្រូវប្រកាសបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា ដែលមានគំរូពីក្រសួងមហាផ្ទៃ ប្រជុំត្រួតពិនិត្យគំរោងអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន បន្តអនុម័តថវិការអភិវឌ្ឍន៍ រៀបចំសមាសភាពគណ:កម្មាធិការ ដើម្បីអភិវឌ្ឍ ត្រៀមរៀបចំកសាងផែនការអភិវឌ្ឍ៥ឆ្នាំ អនុវត្តគោលការភូមិឃុំមានសុវត្ថិភាព ជាមួយគ្នានេះដែរ។
អភិបាលរងខេត្ត ក៏បានរំលឹកដល់អភិក្រមទាំង៥ ដែលដាក់ចេញដោយសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ងូតទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់ផងដែរ ហើយចំណុចទាំងនេះ ត្រូវតែអនុវត្ត ចាប់ពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ នៅមុនការបោះឆ្នោតសកលឆ្នាំ២០២៣ អាណត្តិតំណាងរាស្រ្តនាថ្ងៃខាងមុខនេះ។ អភិបាលរងខេត្ត បានជម្រុញ ទៅកាន់.ចៅសង្កាត់ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ទូទាំងក្រុង ដែលជាប់ឆ្នោត ត្រូវខិតខំដឹកនាំធ្វើការកែលម្អបញ្ហា ដែលនៅសេសសល់ ជាពិសេសបញ្ហាដីធ្លី និងប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ដីលំនៅដ្ឋាន និងដីកសិកម្ម ត្រូវរួមគ្នាដោះស្រាយបញ្ចប់នូវបញ្ហាផ្សេងៗ ពិសេសបង្ក្រាបឱ្យបាននូវក្មេងទំនើងល្បែងស៊ីសង គ្រប់ប្រភេទ និងបញ្ហាគ្រឿងញៀន ដើម្បីអនុវត្តគោលនយោបានភូមិឃុំមានសុវត្ថិភាព។
ឯកឧត្ដម អភិបាលរងខេត្តក៏បានសង្កាត់ធ្ងន់ថា តួអង្គទាំង៥ ដែលសំខាន់ ត្រូវអនុវត្តតាមគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ទទួលជោគជ័យក្នុងឃុំ /សង្កាត់នោះ គឺទី១. ចៅសង្កាត់ ឬមេឃុំ ទី២.ស្មៀន ទី៣. មេប៉ុស្តិ៍នគរបាល ទី៤. មេភូមិ និងទី៥. មណ្ឌលសុខភាពតែម្តង។ តួអង្គទាំងនេះ ត្រូវរួមសហការគ្នា ទើបធ្វើឲ្យភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាព និងទទួលបានជោគជ័យផងដែរ៕