អភិបាលខេត្តកំពង់ចាម ប្រាប់ មេឃុំ ចៅសង្កាត់ ថ្មីថា ការផ្តល់សេវាសាធារណៈលើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់

កំពង់ចាម :  លោក  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ថ្លែងថា  ការផ្តល់សេវាសាធារណៈលើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលឃុំ សង្កាត់នីមួយៗ ការ ថ្លែង បែប នេះ ក្នុង ឱកាស ប្រារព្ធ ពិធី ប្រកាស សុពលភាព ចៅសង្កាត់ វាលវង់  ក្រុងកំពង់ចាម  នារសៀល ថ្ងៃទី ៤  ខែកក្កដា  ឆ្នាំ ២០២២  ។

ក្នុង ឱកាស នោះ ដែរ  លោក  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន លេីកឡេីងថា  ដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្តល់សេវានានានៅមូលដ្ឋាន បញ្ហាគន្លឹះសំខាន់គឺការបំពេញតួនាទី ភារកិច្ចរបស់តួអង្គស្នូល សំខាន់ចំនួន៥ ដែល ក្នុង នោះមាន គឺ (១)មេឃុំ ចៅសង្កាត់, (២)ស្មៀនឃុំ សង្កាត់, (៣)ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ (៤)មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព និង(៥)មេភូមិ  ។

ជាមួយគ្នា នោះ  លោកអភិបាលខេត្ត  ក៏បាន ស្នើឲ្យតួអង្គទាំង ០៥ខាងលើនេះ ខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវា សាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ  ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំងត្រូវអនុវត្តឲ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់ ផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *