ដោយៈ សេង ពិសិដ្ឋ
ព្រះវិហារៈ នាព្រឹកថ្ងៃទី០៣ខែកក្កដា ឆ្នាំ២០២២នេះ គណបក្សប្រជាជនកម្ពុជា ក្រុងព្រះវិហារ បានប្រារព្ធមិទ្ទីញខួបអនុស្សារីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) នៅស្នាក់ការគណៈបក្សក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម សួន ខាំឡរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះមូលដ្ឋានក្រុងព្រះវិហារ និងមានការចូលរួម លោក លោកស្រី ប្រធានអនុប្រធាន ក្រុមការងារចុះជួយក្រុង សមាជិកសមាជិការ គណបក្សប្រជាជនកម្ពុជាក្រុង ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត សមាជិក សមាជិកា សាខាបក្ស ស្ថាប័ន មន្ទីរអង្គភាពនានា សាខាគណបក្សតាមបណ្ដា ឃុំ សង្កាត់ព្រមទាំងអ្នកគាំទ្រគណបក្ស យុវជនគណបក្សជាច្រើនកុះករផងដែរ ។ ឯកឧត្ដម សួន ខាំឡរ បានលើកឡើង ថា ៖ តាមរយៈភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ កន្លងមកថ្មីៗនេះ បានបង្ហាញឱ្យឃើញថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស ដែលមានភាពចាស់ទុំខាងនយោបាយ មានគោលនយោបាយ និងយុទ្ធសាស្ត្រដឹកនាំប្រកបដោយឧត្តមគតិដ៏ខ្ពង់ខ្ពស់ ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។
ឯកឧត្ដម សួន ខាំឡរ ដើម្បីឆ្លុះបញ្ចាំងនូវឆន្ទៈគាំទ្រដ៏មោះមុតចំពោះគណបក្សប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ ដែលជាង ៤ ទស្សវត្សរ៍កន្លងមក រហូតដល់បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ដឹកនាំប្រទេសជាតិ សម្រេចបានភារកិច្ច ជាប្រវត្តិសាស្ត្រ ចាប់តាំងពីរំដោះប្រទេសជាតិ អោយរួចផុតរបបខ្មៅងងិតកម្ពុជាប្រជាធិបតេយ្យ និងបានបន្តបេសកកម្មរបស់ខ្លួនឆ្លងកាត់ឧបសគ្គ និងការលំបាកសព្វបែបយ៉ាងរហូតមានការឯកភាពជាតិ ឯកភាពទឹកដីតាមនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាំមកនូវសុខសន្តិភាព គ្របដណ្តប់លើផ្ទៃប្រទេសទាំងមូលផងដែរ។ ឯកឧត្ដម សួន ខាំឡរ គណបក្សប្រជាជនកម្ពុជា បានបង្ហាញថា ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
ដែលទាំងអស់នេះ គឺជាមនុញ្ញផលដ៏វិសេសវិសាលនៃកម្លាំងមហាសាមគ្គីរបស់កម្លាំងមហាជន ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវប្រពៃណីរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ពុះពារធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីជាតិនិងប្រជាជនផងដែរ៕