កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ គណៈ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ខេត្ត អញ្ជើញជួប សម្តែងការគួរសម និងសវនាការជាមួយឯឧត្តមបណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក ( WHO ) នៅសាលាខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២២ ។
ជំនួបនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងលោកស្រី វេជ្ជបណ្ឌិត លី អាយលែន ប្រធានអង្គការសុខភាពពិភពលោក ( WHO ) ប្រចាំប្រទេសកម្ពុជា និងប្រតិភូអមដំណើរ ព្រមទាំង អភិបាលរងខេត្ត នាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមបណ្ឌិតTakeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក ( WHO ) សម្រាប់វត្តមានអញ្ជើញធ្វើទស្សនកិច្ចមកកាន់ទឹកដីខេត្តកំពង់ចាម នាពេលនេះ ហើយ ឯកឧត្តម អភិបាលខេត្តក៏បានរំលឹកអំពីវឌ្ឍនភាព នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាមកន្លងមក រហូតទទួលបានជោគជ័យមកដល់សព្វថ្ងៃនេះ ។
ឯកឧត្តម អភិបាលខេត្ត ក៏បានចែករំលែកបទពិសោធន៍ អំពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមរយៈអភិក្រមផ្ការីក ហើយនៅពេលនេះ កម្ពុជា កំពុងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋឲ្យចាក់ដូសជំរុញ ព្រោះថា ការចាក់ត្រឹមតែដូសមូលដ្ឋាន គឺមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩ នោះទេ ។
ឯកឧត្តម អភិបាលខេត្តបន្តថា ជោគជ័យឈានមុខគេលើពិភពលោកទាំងនេះ ក៏ព្រោះសាតែកម្ពុជា មានភ័ព្វសំណាងបំផុត ដោយយើងមានថ្នាក់ដឹកនាំល្អ ចេះគិតគូរពីសុខទុក្ខ និងអាយុជីវិតរបស់ប្រជាជន គឺសម្ដេចតេជោ ហ៊ុន សែន ដែលសម្តេចបានខិតខំ ស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ រហូតយើងការពារបានពីការរាតត្បាត នៃជំងឺមហាប្រល័យនេះ ។
ឯកឧត្តមបណ្ឌិត Takeshi kasai បានថ្លែងការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ហើយក្នុងនោះរដ្ឋបាលខេត្តកំពង់ចាម ដែលបានចូលរួមយ៉ាងសកម្ម ក្នុងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជាពិសេសបានជំរុញឱ្យប្រជាពលរដ្ឋ ទៅចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ៗគ្នា ៕