ក្រចេះ៖នៅថ្ងៃទី ១ ខែកក្កដា ២០២២ លោក គង់ គឹមនី ប្រធានគណៈកម្មាធិការដោះស្រាយទំនាស់ដីធ្លីថ្នាក់ខេត្ត និងជាអភិបាលរងខេត្តក្រចេះ បើកកិច្ចប្រជុំពិភាក្សារកដំណោះស្រាយទប់ស្កាត់ការកាប់ទន្ទ្រានហ៊ុព័ទ្ធយកដីរដ្ឋ ក្នុងក្រវ៉ាត់ព្រំដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុន ស៊ី អេច ភី ប៊ី ឌីវេឡុបមេន ពីសំណាក់ក្រុមមេខ្យល់ ដែលបានកៀងគរអោយប្រជាពលរដ្ឋស្លូតត្រង់ចូលព្រៃកាប់ទន្ទ្រានយកដីរបស់រដ្ឋ ដែលរាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនCHPB ស្ថិតនៅឃុំកំពង់ចាម ឃុំវឌ្ឍនៈ ស្រុកសំបូរ និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។។
លោក គង់ គឹមនី បានមានប្រសាសន៍ថា កន្លងមកក្រុមការងារចម្រុះខេត្ត ស្រុក ឃុំ រួមជាមួយក្រុមការងារក្រសួងរក្ខប្រម៉ាញ់ និងនេសាទ បានចុះពិនិត្យ វាស់វែង និងបានកាត់ចេញនៅផងប៉ះពាល់ដីស្រែ ចំការ របស់ពលរដ្ឋ ដែលបានកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផង ក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន C.H.P.B development ខាងលើជូនប្រជាពលរដ្ឋវិញ និងបានកាយក្រវ៉ាត់ព្រុំដីដែលនៅសល់ ដើម្បីចុះបញ្ជីជាដីឯកជនរបស់រដ្ឋ។ លោកបញ្ជាក់ថា ក្រុមហ៊ុន ស៊ី អេច ភី ប៊ី ឌីវេឡុបមេន បានទទួលគោលការណ៏អនុញ្ញាតវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលលើផ្ទៃដីទំហំ ៨,៦៨៦ ហិកតា តាមលិខិតលេខ ៥១០ សជណ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០០៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅសល់ផ្ទៃដីប្រហែល ២.៦៨៦ ហិកតា។
លោកអភិបាលរងខេត្តបន្ដថា ថ្មីៗនេះគេសង្គេតឃើញមានខ្យល់ឃោសនា គៀងគរ អ៊ូសទាញ ប្រជាពលរដ្ឋឲ្យចូលទៅទន្រ្ទានហ៊ុព័ទ្ធ បោះបង្កោលរបងយកដីរដ្ឋ ក្នុងក្រាវ៉ាត់ព្រុំដីដែលបានកាយរួចយ៉ាងអនាធិបតេយ្យ ដោយនេះជាទង្វើរខុស ច្បាប់ ហើយអាជ្ញាធរខេត្តក្រចេះ ចាត់ទុកជាសកម្មភាពញុះញង់ ប្រព្រឹត្តបទល្មើស បង្កផលប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមផងដែរ។
លោកបានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមជាអាជ្ញាធរខេត្ត មិនបណ្ដែតបណ្ដោយឲ្យបុគ្គលរូបនេះនិងបក្ខពួក ធ្វើសកម្មភាពតាមតែចិត្តចង់បាន តាមអំពើចិត្តបានឡើយ។ លោកបានបញ្ជាក់ថា យើងត្រូវអនុវត្តទៅតាមបរិបទសង្គម និងបរិបទមាតុភូមិ តើត្រូវដោះស្រាយ ឬសម្របសម្រួលបែបណាឲ្យច្រើនជាងការអនុវត្តច្បាប់ ពោលគឺដោះស្រាយបញ្ហាពីធំ បង្រួមទំនាស់ ពង្រីកការដោះស្រាយ។
អាជ្ញាធរភូមិ ឃុំ បានស្នើសុំអោយអាជ្ញាធរខេត្ត ឲ្យមានចំណាត់ការយ៉ាងម៉ឹងម៉ាត់ទៅលើបុគ្គលឈ្មោះ កែនអុល និងបក្ខពួក ដែលកំពុងតែកាប់ទន្ទ្រានយកដីក្រុមហ៊ុនយ៉ាងអនាធិបតេយ្យ ដោយដើរប្រមូលយកលុយពីប្រជាពលរដ្ឋ ជាថ្នូរ ក្នុង១ក្បាលដី ទំហំ ៥០ម៉ែត្រ តម្លៃចាប់ពី ១លាន ២ ទៅ ៣លានរៀល និងជេរប្រមាថមកលើអាជ្ញាធរដោយចោទថាយកដីលក់អោយក្រុមហ៊ុន ថែមទាំងអះអាងថាខ្លួនជាអ្នករំដោះដីយកចែកជូនឲ្យប្រជាពលរដ្ឋដែលខ្វះខាតដីថែមទៀតផង។