កំពង់ចាមៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាប្រធានគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម បានថ្លែងថា ដេីម្បីសហគមន៍យើងគ្មានគ្រឿងញៀន គឺផ្តើមចេញពីយេីងទាំងអស់គ្នា ដែលរស់នៅក្នុងសហគមន៍នោះ ត្រូវធ្វើការរួបរួមគ្នា ដោយសហការជាមួយរអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ច ដើម្បីឈានទៅទប់ស្កាត់ និងបង្ក្រាប ។
ឯកឧត្តមថ្លែងបែបនេះ ក្នុងពិធីដែលឯកឧត្តម អញ្ជេីញជាអធិបតីភាព ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ ២០២២ ក្រោមប្រធានបទ “ដោះស្រាយ បញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្ស ធម៌“ ដែលពិធីនេះធ្វេីឡេីងកាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ នៅស្រុកបាធាយ ខេត្តកំពង់ចាម ។
ឯកឧត្តមបន្តថា យើងមិនត្រូវលើកលែងជាដាច់ខាត ចំពោះគ្រឿងញៀន ឯកឧត្តមនិងចាត់វិធានការយ៉ាងតឹងរឹងបំផុត ចំពោះបុគ្គលមានសមត្តកិច្ចណា ដែលលូកដៃចូលអន្តរាគមន៍ក្នុងបទល្មើសគ្រឿងញៀននេះ ។
ឯកឧត្តមបានអំពាវនាវ សូមឲ្យមានការចូលរួមទាំងអស់គ្នា ដើម្បីការពារសហគមន៍យើង ពីការបំពាននូវគ្រឿងញៀនខុសច្បាប់ ដើម្បីធានាបាននូវភាពសុខសាន្ត សម្រាប់សហគមន៍យើង ទាំងបច្ចុប្បន្ន និងទៅអនាគត់ ។
ឯកឧត្តមក៏បានដាក់ចេញនូវវិធានការសម្រាប់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមជាមួយប្រជាការពារ កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាល ត្រូវតាមដានគ្រប់គ្រងឲ្យបាន ចាប់នូវមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវគ្រឿងញៀនគ្រប់ប្រភេទ នៅក្នុងសហគមន៍ និងឈានទៅបង្ក្រាបនៅកន្លែងឲ្យខាងតែបានទាន់ពេលវេលា រួមទាំងតាមដីការរបស់តុលាការ ។
ឯកឧត្តមបានផ្ដាំផ្ញើរដល់ប្រជាពលរដ្ឋ កុំឲ្យចាញ់បោកក្រុមមួយចំនួន ដែលប្រើគ្រប់វិធី ក្នុងការអូសទាញនាំទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ ព្រោះថាកន្លងមក មានប្រជាពលរដ្ឋខ្មែរមួយចំនួនបានធ្វើចំណាកស្រុក ត្រូវបានគេយកទៅលក់បន្ត ហើយត្រូគេបង្ខំឲ្យប្រើគ្រឿងញៀន បណ្ដាលឲ្យបាត់បង់ស្មារតីជាមនុសផងដែរ ៕ដោយៈ សេងពិសិដ្ឋ